ទិវា​គ្រូបង្រៀន៖ ក្រសួង​អប់រំ​រៀបចំ​ជំនួប​រវាង​នាយករដ្ឋមន្រ្តី និង​គ្រូបង្រៀន

  • 2018-10-02 09:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានថ្លែងថា នៅ​ថ្ងៃ​ទី៥ ខែ​តុលា ខាង​មុខនេះ ក្រសួង​នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដោយ​មាន​ការចូលរួម​ពី​សំណាក់​សម្តេចនាយករដ្ឋមន្ត្រី និង​ជ្រើសរើស​យក​គ្រូ​បង្រៀន​ចំនួន ១០​រូប ដែល​បង្រៀន​សិស្ស​ប្រឡង​ជាប់​បាន​និទ្ទេស A ដើម្បី​ទទួល​យក​ពាន​រង្វាន់​ជ័យលាភី និង​នាយកសាលា​ដែល​មាន​សិស្ស​ទទួល​បាន​និទ្ទេស A ច្រើនជាងគេ​ក៏ចូលរួម​ទទួល​ផងដែរ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា
លោក​រដ្ឋមន្ត្រីបាន​បន្តថា ទិវាគ្រូបង្រៀន​ខាងមុខ​នេះ ក្រសួង​នឹង​រៀបចំ​ប្រារព្ធ​នៅ​វិទ្យាស្ថាន​ជាតិអប់រំ នាព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

ចំណែក​សមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក៏​នឹង​ប្រារព្ធ​ទិវាគ្រូបង្រៀន​នៅទីលាន​ប្រជាធិបតេយ្យផងដែរ នឹង​មាន​ការហែរក្បួន​ដាក់ញ្ញត្តិ​នៅ​ក្រសួងអប់រំ យុវជន និងកីឡា និង​ខុទ្ទកាល័យ​នាយករដ្ឋន្ត្រី​ផងដែរ។ ការប្រារព្ធ​ពិធី​នេះ ដោយ​មានអ្នក​ចូលរួមប្រមាណ ១៥០​នាក់។

នៅក្នុង​កិច្ចប្រជុំកាល​ពី​ថ្ងៃទី១ ខែ​តុលា ម្សិលមិញ សាលារាជធានីភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​សមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើនៅ​សួនចច្បារ​វត្តភ្នំ​ទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;