ក្រសួង​ពាណិជ្ជកម្ម ជូន​ដំណឹង​ពីការ​រៀបចំ "ពិព័រណ៍​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង" នៅ​ចិន

  • 2018-10-03 03:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការ​រៀបចំ​ពិព័រណ៍ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ប្រទេស​ចិន នឹង​រៀបចំ​ព្រឹត្តិការណ៍ "ពិព័រណ៍​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង" ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី២ ខែ​តុលា ឆ្នាំ​២០១៨។

ព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​ចូលរួម​ពី​បណ្តា​សហគ្រាស និង​ក្រុមហ៊ុន​នានា មកពី​ប្រទេស​ដែលស្ថិត​នៅក្នុង​អនុ​តំបន់​ទន្លេមេគង្គ ដោយ​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ចម្រុះ និង​គម្រោង​វិនិយោគ​នានា​ជាច្រើន​ទៀត។ ក្នុងនោះ គណៈកម្មការ​រៀបចំ​ពិព័រណ៍​នេះ បាន​ផ្តល់ស្តង់​ចំនួន ១៥​ស្តង់ ឱ្យ​កម្ពុជា ដែលមាន​តម្លៃ ៥០០​យ័ន​ក្នុងមួយ​ស្តង់។

​ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ពាណិជ្ជករ អាជីវករជាម្ចាស់ក្រុមហ៊ុន និង​សហគ្រាស់​ទាំងអស់​ ដែលមាន​បំណង​ចូលរួមផ្សព្វផ្សាយ​លើ​ផលិតផល​របស់ខ្លួន ឬស្វែងរកដៃគូ​ពាណិជ្ជកម្ម​ក្នុង​ពិព័រណ៌នេះ ឱ្យ​ទាក់ទង និង​បំពេញ​បែបបទ​នៅ​នាយកដ្ឋាន​កិច្ចការពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៨។ នាយកដ្ឋាន​នេះ មានទីតាំងនៅជាន់ទី២ នៃអគារទីស្តីការ​ក្រសួងពាណិជ្ជកម្ម ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ៕

អគារក្រសួងពាណិជ្ជកម្ម ដែលស្ថិតនៅតាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី

អត្ថបទ៖ សំភី

អត្ថបទថ្មី
;