អាមេរិក​ប្រាប់​ចិន៖ យើង​នឹង​មិន​ត្រូវ​បាន​គំរាមកំហែង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ

  • 2018-10-04 03:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pence អនុប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១៨​នេះបាន​លើកឡើង​​ថា អាមេរិក​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​អ្វី​ដែល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។

លោក Mike Pence អនុប្រធានាធិបតី​អាមេរិក/ រូបភាព៖ Reuters
ប្រសាសន៍​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន Hudson ក្នុង​ក្រុង​វ៉ាស៊ីនតោន ដែល​ទំនង​ជា​បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​រវាង​អាមេរិក និង​ចិន ក្រៅពី​ជម្លោះ​ពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​បាន​ចាត់​វិធានការ​ពន្ធ​លើ​គ្នា​ទៅ​វិញទៅ​មក។

ក្នុង​សុន្ទរកថា​របស់​លោក Mike Pence ដែល​សារព័ត៌មាន Reuters ទទួល​បាន លោក Mike Pence នឹង​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ហេតុការណ៍​ដែល​នាវា​ពិឃាដ​អាមេរិក USS Decatur បាន​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​រយៈចម្ងាយ ១២​ណទីខល​ម៉ាល (ប្រមាណ ២២​គីឡូម៉ែត្រ) ពី​ថ្មប៉ប្រះទឹក Gaven និង Johnson ក្នុង​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន។

លោក Mike Pence ក៏​នឹង​ថ្លែង​ពី​នាវា​កងទ័ព​ជើងទឹក​ចិន ១​គ្រឿង ដែល​ចូល​មក​ក្នុង​រយៈចម្ងាយ​ប្រមាណ ៤៥​ម៉ែត្រ ពី​នាវា​ពិឃាដ USS Decatur ដែល​បាន​ធ្វើ​ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បង្ខំ​ឲ្យ​នាវា​ពិឃាដ​អាមេរិក​ធ្វើការ​ចល័ត ដើម្បី​បញ្ជៀស​ការ​ប៉ះទង្គិច​គ្នា។

ជាងនេះទៅ​ទៀត លោក Mike Pence ក៏នឹងថ្លែង​ពី​ថា "កងទ័ព​ជើងទឹក​អាមេរិក​នឹង​បន្ដ​ធ្វើ​នាវាចរណ៍ ហោះហើរ និង​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​ទាំង​អស់ ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត និង​ការទាមទារ​ផល​ប្រយោជន៍​ជាតិ​របស់​យើង។ យើង​នឹង​មិន​ត្រូវ​បាន​គំរាមកំហែង។ យើង​នឹង​មិន​ដក​ថយ​នោះ​ទេ"។

សូម​បញ្ជាក់​ថា កម្ដៅ​នៃ​ជម្លោះ​នៅ​សមុទ្រ​ខាងត្បូង​ហាក់​កើនឡើង​វិញ ក្រោយ​មន្ទីរបញ្ចកោណ​អាមេរិច កាលពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​បាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​នៃ​ប្រជុំកោះ​ជម្លោះ Spratly ក្នុង​សមុទ្រ​ចិនខាងត្បូង។ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក​ជាច្រើន​គ្រឿង​ក៏​បាន​ហោះចូល​មក​ក្នុង​ដែនអាកាស នៃ​សមុទ្រ​ចិនខាងត្បូង​ផង​ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;