ម្ចាស់​ពាណិជ្ជកម្ម​ធំ២ ព្រួយ​បារម្ភ​ពី​ករណី Ronaldo ត្រូវ​គេ​ចោទ​ពី​បទ​ចាប់​រំលោភ

  • 2018-10-05 02:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nike និង EA Sports ជា​ក្រុមហ៊ុន​ធំ ដែល​សហការ​ពាណិជ្ជកម្ម​ជាមួយ​នឹង​កីឡាករ Ronaldo។ ក្រោយ​លេច​ឮ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា Ronaldo បាន​ចាប់​រំលោភ​នារី​ម្នាក់ ម្ចាស់​ពាណិជ្ជកម្ម​ទាំង​២ បាន​បង្ហាញ​ក្ដី​កង្វល់​ជា​ខ្លាំង។

Ronaldo សមាជិករបស់ក្លឹប​បាល់ទាត់ Juventus (រូបថត៖ Reuters)
Nike បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ថា "យើង​បារម្ភ​ខ្លាំង​ណាស់​ពី​រឿង​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​នឹង​បន្ត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើ​ស្ថានភាព​នេះ"។

Ronaldo បាន​ចុះ​កិច្ច​សន្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ Nike ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​ម៉្លេះ ដោយ​ពាក់​នូវ​ឈុត​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន​នៅ​ពេល​ប្រកួត​ម្ដងៗ។ តម្លៃ​នៃ​កិច្ច​សន្យា​ដែល​កីឡាករ​ក្លឹប Juventus បាន​ចុះ​គឺ​ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ។

មិន​ខុស​ពី Nike ក្រុមហ៊ុន​ហ្គេម EA Sports ក៏​បង្ហាញ​ពី​ភាព​មិន​សូវ​ស្រួល​ចិត្ត​ក្នុង​ខ្លួន​ផង​ដែរ​ចំពោះ​រឿង​ដែល​កើត​ឡើង​មក​លើ Ronaldo។ EA Sports បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ពិនិត្យ​លើ​ស្ថានភាព​នេះ ហើយ​រំពឹង​ថា រាល់​កីឡាករ​ត្រូវ​គោរព​ក្រម​សីលធម៌​ឲ្យ​សមស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុមហ៊ុន។

សូម​ជម្រាប​ថា កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo ​ត្រូវ​បាន​នារី​ម្នាក់ ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ កាល​ពី​ឆ្នាំ​២០០៩ ហើយ​ពាក្យបណ្ដឹង​នឹង​ត្រូវ​មេធាវី​របស់​នារី​ដដែល ដាក់​ជូន​តុលាការ នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន Der Spiegel កាល​ពី​ពេល​ថ្មី​ៗ​នេះ។

នារី​ខាងលើ មាន​ឈ្មោះ Kathryn Mayorga អាយុ ៣៤​ឆ្នាំ បាន​អះអាង​ថា Ronaldo បាន​រំលោភ​នាង តាម​រន្ធ​គូទ រួច​បាន​ឲ្យ​លុយ​នាង​ចំនួន ៣៧៥០០០ ដុល្លារ ដើម្បី​កុំ​ឲ្យ​រាយការណ៍​ទៅ​កាន់​ប៉ូលិស។ នេះ​ជា​លើក​ទីមួយ ដែល​នាង Mayorga អះអាង​ជា​សាធារណៈ ពី​ករណី​​រំលោភ​ ទាក់ទង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus ។ នាង​បញ្ជាក់​ថា Ronaldo បាន​រំលោភ​នាង​ចំនួន ៥​ដង ក្នុង​យប់​មួយ​ក្រោយ​ពី​ពិធី​ជប់​លៀង។

ឈ្មោះ Kathryn Mayorga បានប្ដឹង Ronaldo ពីបទរំលោភសេពសន្ថវៈ

ជា​ការ​ឆ្លើយ​តប ក្រុម​មេធាវី​របស់​ Ronaldo បាន​បញ្ជាក់​ថា ពួកគេ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទស្សវដ្តី​អាល្លឺម៉ង់ Der Spiegel បន្ទាប់ពី​បាន​ចុះផ្សាយ​ខុសច្បាប់​ពី​ការ​ចោទ​ប្រកាន់​ ​របស់​ស្ត្រី​ជនជាតិ​អាមេរិក។ លោក Christian Schertz មេធាវី​របស់ Ronaldo បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​អះអាង​ថា ការ​ចុះផ្សាយ​របស់​ Der Spiegel គឺ​ជា​ការ​សង្ស័យ​មិន​ច្បាស់​លាស់​មក​លើ​ឯកជន​ភាព​របស់​ Ronaldo៕

ប្រភព៖ DW ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;