សិស្ស​​ប្រឡង​ចូលរៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​ មានការ​កើន​ឡើង​

  • 2018-10-11 04:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាស្ត្រាចារ្យ​សាលា​វិចិត្រសិល្បៈ បាន​បង្ហាញ​ក្តី​សង្ឃឹម​ឡើងវិញ ក្នុង​ការ​ស្វែងរក​អ្នក​បន្តវេន​ជំនាញ សិល្បៈ​បុរាណ ក្រោយ​សាលា​​មធ្យម​វិចិត្រសិល្បៈ បាន​បើក​សម័យ​ប្រឡង​ជ្រើសរើស​សិស្ស ដែល​មាន​ឧបនិស្ស័យ​សិល្បៈ ទទួល​បាន​សិស្ស​កើន​ឡើង​ជាង​១០០នាក់ បើ​ប្រៀប​នឹង​ឆ្នាំ​កន្លងទៅ។

សាស្ត្រាចារ្យ​សាលា​មធ្យម​វិចិត្រសិល្បៈ ​រីករាយនៅ​ពេល​ឃើញ​មាន​កូន​ខ្មែរ​បាន​ចាប់ផ្ដើម​ចាប់អារម្មណ៍​ដើរ​ចូល​មក​ថ្នាល​បណ្ដុះ​គ្រាប់​ពូជ​សិល្បៈ​បុរាណ​ មាន​ចំនួន​ច្រើនជាង​បណ្ឌា​ឆ្នាំ​មុនៗ​។

បញ្ជីរាយនាម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ចូលរៀន​ជំនាញ​ចំនួន​៥ ក្នុង​នោះ​រួមមាន ផ្នែក ដូរ្យ​តន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូន​រូប ក្នុង​ឆ្នាំ​សិក្សា២០១៨-២០១៩ ខាងមុខនេះ មាន​ចំនួន ជាង​៣​០០នាក់។ ចំនួន​នេះ​កើន​ឡើង លើស​ពី​ឆ្នាំទៅ គឺ​ឆ្នាំ​២០១៧ ជាង ១០០នាក់។

ការហាត់សម​របស់​សិស្ស​សាលា​មធ្យម​វិចិត្រ​សិល្បៈ សម្រាប់​ត្រៀម​ការ​សម្ដែង​នាពេល​កន្លងមក (រូបភាព៖ សាលាមធ្យមវិចិត្រសិល្បៈ)
សាស្ត្រាចារ្យ​សាលា​ល្ខោន បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នេះ ភាគច្រើន​ច្រើន​ខាង​ផ្នែក​**របាំ​បុរាណ និង​សាលា​ដូរ្យតន្ត្រី** ចំណែក​សាលា​​ល្ខោន​ទាំង​បី​ទម្រង់ គឺ **​ល្ខោននិយាយ ល្ខោន​យីកេ និង​ល្ខោនបាសាក់** មាន​អ្នកដាក់ពាក្យ មក​ចូលរួម​ប្រឡង​មាន​ប្រមាណ​ជិត​ ៥០​នាក់​ប៉ុណ្ណោះ ដូចជា​ផ្នែក​ល្ខោននិយាយ​ មាន​ចំនួន​តែ​ ៨​នាក់​នាក់​ទេ ក្នុងចំណោម​អ្នក​ដែល​បាន​ដាក់​ពាក្យ​មក​ប្រឡង​ជាង ​៣០០​នាក់។ «ឆ្នាំ​ទៅ​ ខាង​ល្ខោននិយាយ មាន​អ្នក​ចូល​មក​ប្រឡង​តែ ​៥​នាក់​ទេ ឆ្នាំនេះ​កើន​ឡើង​បាន​ ៣​នាក់​ទៀត....​ប៉ុន​ហ្នឹង​ក៏​សប្បាយចិត្ត​ខ្លះ​ដែរ»។

សាស្ត្រាចារ្យ​ផ្នែក​ល្ខោនបាសាក់ លោក ឯល ប៉ុនណ្ណាល់ មាន​ប្រសាសន៍ថា ការកើន​ឡើង​ចំនួន​សិស្ស​នេះ មិនទាន់​គ្រប់​តាម​តម្រូវការ​នៅឡើយ​ទេ ប៉ុន្តែ​បើ​ឆ្នាំ​ក្រោយ​ទៀត មានការ​កើន​ឡើង​ថែម​ច្រើន​លើស​នេះ​ទៀត​នោះ នឹង​អាច​គ្រប់​តាម​តម្រូវការ​របស់​សាលា​ដែល​ចង់បាន។ «ប្រៀបធៀប​ឆ្នាំទៅ ចំនួន​សិស្ស​តិច​មែនទែន ផ្នែក​បាសាក់​ខ្ញុំ​ឆ្នាំទៅ ចូល​បាន​៦​នាក់ ក្រោយមក​ឈប់​វិញ​អស់​៣​នាក់ ខាង​យីកេ ដូច​បាន​៨​នាក់ ឆ្នាំនេះ​បាន​ច្រើន​ៗ​គ្រាន់បើ»។

ក្រុម​សាស្ត្រាចារ្យ ចាប់អារម្មណ៍​ថា ការ​កើន​ឡើង​នេះ ដោយសារមានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម និង​សាលា​ទុក​រយៈពេល​យូរ​ក្នុង​ការ​សម្រេចចិត្ត ការ​ស្វែងរក​ព័ត៌មាន មិន​មាន​ការ​បង់ថ្លៃ និង​ការ​យល់ដឹង​ពី​តម្លៃ​វប្បធម៌​របស់​ខ្លួន​ជាដើម។

សាលា​មធ្យម​វិចិត្រសិល្បៈ បាន​ប្រកាស​ចាប់​ទទួល​ពាក្យ​ស្នើសុំ​ចូល​ប្រឡង​ចាប់​តាំង​ពី​ខែ​សីហា ហើយ​រហូតដល់​ថ្ងៃ​ទី​២៨ កញ្ញា កន្លង​ទៅ​នេះ សាលា​បាន​រៀបចំ​ការ​ប្រឡង​ពិនិត្យ ឧបនិស្ស័យរបស់​សិស្សានុសិស្ស ឲ្យ​ចូលរៀន​តាម​ជំនាញ​នីមួយៗ​ដោយ ឥត​បង់ថ្លៃ​អ្វី​ទាំងអស់។

ការហាត់សម​របស់​សិស្ស​សាលា​មធ្យម​វិចិត្រ​សិល្បៈ សម្រាប់​ត្រៀម​ការ​សម្ដែង​នាពេល​កន្លងមក (រូបភាព៖ សាលាមធ្យមវិចិត្រសិល្បៈ)

ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ សាលា​បាន​ប្រកាស​ជ្រើសរើសសិស្សានុសិស្ស ឲ្យ​ចូលរៀន​ជំនាញ​ចំនួន​៥ ក្នុង​នោះ​រួមមាន ផ្នែក ដូរ្យតន្ត្រី របាំ ល្ខោន សៀក និង​សិល្បៈ​សូន​រូប។

ការប្រកាស​ជ្រើសរើស​នេះ ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ប៉ុន្តែមិន​សូវ​មាន​ក្រុម​យុវជន​រំភើប​រីករាយ​សម្រុក​ចូល​ទៅ​ដាក់ពាក្យ​ប្រឡង ដូច​ការ​ប្រឡង ចម្រៀង​សម័យ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា ឬ​នៅ​តាម​សាលា​ជំនាញ និង​មហាវិទ្យាល័យ​ផ្សេងៗ​នោះ​ទេ។

អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី មុន​ការ​ប្រឡង​ជ្រើសរើស​មកដល់​ថា ដោយមាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ទទួល​ពាក្យសុំ​ចូលរៀន​ជំនាញ​នេះ​ពី​ចម្ងាយ ដូច្នេះ ក្រសួង​សង្ឃឹមថា ឆ្នាំ​សិក្សា​២០១៨ -២០១៩ នៅ​សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ នឹង​មាន​សិស្ស​ចូលរៀន​ច្រើនជាង​ពេល​មុនៗ៖ «កាលពី​បួន​ប្រាំ​ឆ្នាំមុន កូនសិស្ស​មានការ​ថយ​ចុះ​បន្តិច ប៉ុន្តែ​កាលពី​ឆ្នាំទៅ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ និង​ការ​កែ​សម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ អាគារ​សិក្សា និង​ឧបករណ៍​សិក្សា​ជាដើម សិស្ស​ចាប់ផ្ដើម​មានការ​កើន​ឡើង ហើយ​នៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ សង្ឃឹមថា សិស្ស នឹង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​យើង​ពេញចិត្ត ហើយ​ការ​ដាក់​សុំ​ចូល​រៀន​នេះ​មិន​មាន​ការ​បង់ថ្លៃ​អ្វី​នោះ​ទេ»។

ទោះ​យ៉ាង​ណាក្តី​សាស្ត្រាចារ្យ​ផ្សេងទៀត នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះខាត​គ្រាប់​ពូជ​សិល្បៈ​បុរាណ ជាពិសេស​ផ្នែក​ខាង​សិល្បៈ​ល្ខោន​ទាំង​៣ ទម្រង់​នោះ​តែ​ម្តង ដោយសារ​ការ​កើន​ឡើង​នេះ​មាន​ចំនួន​តិច​ពេក ធ្វើ​ឲ្យ​ខ្វះ​ពី​តម្រូវការ​រហូត​ជាង​ពាក់​កណ្ដាល ជាងនេះទៅទៀត អ្នកខ្លះ​ចូល​មក​ហើយក៏​ឈប់​ទៅវិញ ធ្វើ​ឲ្យ​ការ​បណ្តុះបណ្តាល​លើ​វិស័យ​មួយ​នេះ​ជួប​ការ​លំបាក​ច្រើន។

អ្នកគ្រូ​បង្ហាត់​ជំនាញ​ល្ខោន យីកេ ជាង ២០ឆ្នាំ មក​ហើយ អ្នកគ្រូ មែន ចន្ទសុភី បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ជុំវិញ​រឿង​នេះ ជាពិសេស បញ្ហា​ជីវភាព និង​មុខរបរ​ដែល​ពួកគេ​ត្រូវ​ស្វែងរក​លំនឹង​ដែល​អាច​រឹងមាំ ក្នុង​ង​ការ​កសាង​ជីវភាព​គ្រួសារ​ទៅ​អនាគត៖ «ច្បាស់​ជា​មាន​បញ្ហា​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ហើយ​....​ពីព្រោះ​ទី​មួយ​ទិសដៅ​គាត់​មុន​ពេល​ប្រឡង​ចូល ពួកគាត់​សួរ​ខ្លួនឯង​ថា ពេល​រៀប​ចប់​គាត់​ទៅ​ធ្វើ​ការងារ​អី​បាន ក្រៅពី​ការងារ​សិល្បៈ​.......?»

ការហាត់សម​របស់​សិស្ស​សាលា​មធ្យម​វិចិត្រ​សិល្បៈ សម្រាប់​ត្រៀម​ការ​សម្ដែង​នាពេល​កន្លងមក (រូបភាព៖ សាលាមធ្យមវិចិត្រសិល្បៈ)

ក្រុម​សាស្ត្រាចារ្យ នៅ​ស្នើសុំ​ឲ្យ អ្នក​ពាក់ព័ន្ធ​ទាំង​ស្ថាប័ន​ឯកជន និង​រដ្ឋ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​លើកស្ទួយ វិស័យ​នេះ​ឲ្យ​បាន​ខ្លាំង​ថែមទៀត។

អ្នកគ្រូ មែន ចន្ទសុភី បាន​លើក​បាន​លើកឡើង​ថា ក្រសួង​គួរ​គិតគូរ​ឲ្យ​ខ្លាំង​ថែមទៀត ដល់​ទី​ផ្សារ​សិល្បៈ និង​ការងារ​ផ្សេងទៀត​ដល់​អ្នក​បញ្ចប់​ការសិក្សា​ផ្នែក​ជំនាញ​សិល្បៈ។

អ្នកស្រី ភឿង សកុណា មានប្រសាសន៍ថា ក្រសួង​តែងតែ​គិតគូរ​ជានិច្ច ចំពោះ​បញ្ហា​ប្រឈម និង​ការ​ឧបត្ថម្ភ សិស្សានុសិស្ស សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព ប៉ុន្តែ​អ្នកស្រី​មិន​អាច​បញ្ជាក់​បាន​ថា មួយៗ​ឆ្នាំ​ក្រសួង មាន​ថវិកា​ប៉ុន្មាន​សម្រាប់​ជួយ​លើ​វិស័យ​សិល្បៈ​នោះ​ទេ ប៉ុន្តែ​ក្រសួង​បាន​ដាក់​គោលដៅ​ពង្រឹង​គុណភាព​ជា​ចម្បង។ កិច្ចការ​បន្ទាប់ គឺ​ការស្វែងរក​ទីផ្សារ​ការងារ​ជូន​សិល្បករ ការ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ហើយ​ការងារ​នេះ​ក្រសួង​កំពុងតែ​អនុវត្ត​ជា​បណ្ដើរៗ​ជាច្រើន​ឆ្នាំ​ហើយ។

សាស្ត្រាចារ្យ​សាលា​វិចិត្រសិល្បៈ មើល​ឃើញ​ថា ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយនេះ ទម្រង់​សិល្បៈ​ល្ខោន​ចំនួន​៣ ដូចជា​ល្ខោន បាសាក់ យីកេ និង​ល្ខោននិយាយ​ជាដើម កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ការ​គាំទ្រ ឬ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​លឿន​ជាងគេ ក្នុងចំណោម​ទម្រង់​សិល្បៈ​ដទៃ​ទៀត៕

ចុចត្រង់នេះ ដើម្បីមើលលទ្ធផលនៃការប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃនៅ​សាលាមធ្យមវិចិត្រសិល្បៈ

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;