ចាន់ រតនា វិល​ចូល​សង្វៀន ONE Championship ជាថ្មី

  • 2018-10-11 09:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​ពី​សង្វៀន​អស់រយៈពេល​ជាង ១ឆ្នាំ​កន្លះ នៅទីបំផុត កីឡាករ​គុនខ្មែរ ចាន់ រតនា បាន​វិល​ចូល​សង្វៀន​ MMA ជាថ្មី​វិញហើយ។ កីឡាករ​ក្បាច់គុន​ចម្រុះ​ មកពីក្លឹប Selapak រូបនេះ នឹង​ត្រូវ​ប៉ះកីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes នៅ​ក្នុង​កម្មវិធី ONE: HEART OF THE LION របស់​ស្ថាប័ន ONE Champoinship នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ប្រទេស​សិង្ហបុរី។

គួររំលឹកថា ប្រកួត​ចុងក្រោយ​របស់​ចាន់ រតនា នៅ​ក្នុង​ទ្រុង​ ONE Championship គឺចាញ់​កីឡាករ​ចិន Xie Bin ​កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅ​ហ្វីលីពីន។ ចាប់តាំងពីពេលនោះមក អ្នកប្រដាល់​វ័យ ៣២ឆ្នាំរូបនេះ មិន​ដែល​ប្រកួត MMA ទៀតនោះទេ ប៉ុន្តែ​បាន​ឡើងសង្វៀន​ប្រដាល់​គុន​ខ្មែរ​នៅក្នុង​ស្រុក​ជា​រឿយៗ​។

ចាន់ រតនា នាការប្រកួត​នៅ ONE Championship នាពេលកន្លងមក (រូបភាព៖ ONE Championship)

ចំពោះ​ប្រវត្តិ​ប្រកួត​ក្បាច់គុន​ចម្រុះវិញ រតនា ធ្លាប់ឆ្លងកាត់​ការប្រកួត ៧ដង (ឈ្នះ ៤ ចាញ់ ៣) ដែល​ក្នុង​នោះ ៦ដង ជាការ​ប្រកួត​នៅ ONE Championship (ឈ្នះ ៣ ចាញ់ ៣)។

ចំណែក​ Abro Fernandes វិញ ជា​កីឡាករ​ជើងខ្លាំង​របស់​ឥណ្ឌូណេស៊ី ដែល​មិន​ធ្លាប់​ចាញ់​ក្នុង​ទ្រុង MMA នោះទេ (ប្រកួត ៧ដង ឈ្នះទាំង ៧ដង)។ ប៉ុន្តែ​កីឡាករ​ដែលជំនាញ​ខាង​ក្បាច់​កាច់​ក្លេរ​រូបនេះ មិនធ្លាប់ប្រឡូក​ក្នុងសង្វៀន ONE Championship នោះទេ។

សូមបញ្ជាក់ថា ក្រៅពី​ចាន់ រតនា ប៉ះ Abro Fernandes នៅ​មាន​កីឡាករ​ខ្លាំងៗជាច្រើនទៀត ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​កម្មវិធី ONE: HEART OF THE LION ជា​ពិសេស​គឺ​កីឡាការិនី​ចិន Xiong Jing Nan ត្រូវ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Champion ទល់នឹង​ជើងខ្លាំង​សិង្ហបុរី Angela Lee និង​កីឡាករ​ប្រេស៊ីល Bibiano Fernandes នឹង​ប៉ះជើងខ្លាំង​ហ្វីលីពីន Kevin Belingon៕


អត្ថបទ៖ សុខ សុវត្ថិ