លោក វេង សាខុន ចូលរួម​កិច្ចប្រជុំ​​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន នៅ​វៀតណាម

  • 2018-10-11 09:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​លើកទី​៤០ នៃ​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នាថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៨នេះ។ កិច្ច​ប្រជុំនេះ​ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ត្រិញ ឌិញហ្សូង (Trinh Dinh Dung) ឧប​នាយក​រដ្ឋមន្រ្តី​វៀតណាម។

ក្រសួង​កសិកម្ម បាន​ឱ្យដឹង​ថា កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ​មើល​រួមគ្នា​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​នៃការ​អនុវត្ត​ក្របខណ្ឌ​គោល​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ស្បៀង កសិកម្ម និង​ព្រៃឈើ​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កសិកម្ម​អាស៊ាន​ក្នុងឆ្នាំ​២០៣០។ ចក្ខុវិស័យ​នេះ គឺធ្វើ​​យ៉ាងណា​ឱ្យ​កសិកម្មមានលក្ខណៈ​ទំនើប ​ប្រកួត​ប្រជែង បរិយាប័ន្ន​ធន់នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​និរន្តភាព ដែលនាំ​ដល់​ការ​កើនឡើង​ប្រាក់​ចំណួល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​តំបន់។

កិច្ចប្រជុំ​លើកទី​៤០ នៃ​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន នៅ​ទីក្រុង​ហាណូយ។ រូបថត៖ FB ក្រសួងកសិកម្ម
ប្រធានបទ​នៃ​កិច្ចប្រជុំ​លើកទី​៤០ នៃ​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន ដែលបាន​លើកយក​មក​បង្ហាញ និង​ពិភាក្សា​រួមមាន៖

១. លទ្ធផល​នៃ​មហាសន្និបាត​លើកទី៣១ និង​៣២ និង​កិច្ចប្រជុំ​លើកទី​៥០ នៃ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន។

២. វឌ្ឍនភាព​នៃការ​អនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហ​ប្រតិបត្តិការ​ស្បៀង កសិកម្ម និង​ព្រៃឈើ​អាស៊ាន

៣. ការ​រៀបចំ​សម្រាប់​កិច្ចប្រជុំ​លើកទី​១៨ នៃ​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូកបី

៤. ការ​រៀបចំ​សម្រាប់​កិច្ចប្រជុំ​លើកទី​៦ រវាង​រដ្ឋមន្រ្តី​អាស៊ាន និង​ចិន ជា​លទ្ធផល​នៃកិច្ចប្រជុំ​លើកទី​៣៩ នៃ​រដ្ឋមន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន នៃការ​អនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​កិច្ច​សហប្រតិបត្តិការ​ស្បៀង កសិកម្ម និង​ព្រៃឈើ​អាស៊ាន ២០១៧-២០១៨។

អង្គប្រជុំ​ បាន​ជំរុញ​ឲ្យសមាជិក​អាស៊ាន​ទាំងអស់​ បន្ត​ពង្រឹង​សន្តិសុខ​ស្បៀង កសិ​ធុរកិច្ច និង​សុវត្ថិភាព​ចំណី​អាហារ។ ដោយឡែក​ ពាក់ព័ន្ធ​ទៅនឹង​អនុ​វិស័យ​សត្វ អង្គប្រជុំ​បាន​សម្រេច​បង្កើត​នូវ​ស្តង់ដារ​ក្នុងការ​ចាក់​វ៉ាក់សាំង​សត្វ និងការ​អនុវត្ត​ការ​ចិញ្ចឹម​សត្វ​ល្អ ជាពិសេស​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ក្រៅពី​នេះ អង្គប្រជុំ​ក៏បាន​ឯកភាព​ផងដែរ ក្នុងការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​លើការ​កំណត់​បទដ្ឋាន​ណែនាំ​សម្រាប់​ការ​អនុវត្ត​វារីវប្បកម្ម​ល្អ និងការ​អនុវត្ត​ការ​ចិញ្ចឹម​បង្គា​ល្អ។ ចំពោះ​អនុវិស័យ​ព្រៃឈើ អង្គប្រជុំ​បាន​គាំទ្រ​ឲ្យមាន​ការ​រៀបចំ​នូវ​បទដ្ឋាន​ណែនាំ​ពីការ​អភិវឌ្ឍ​កសិ-រុក្ខា​កម្ម និង​យន្តការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តភាព​ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ព្រៃឈើ​នៅលើ​ឆាក​អន្តរជាតិ ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​តម្រូវ​របស់​ពិភពលោក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;