សម្តេច ហ៊ុន សែន លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​អាស៊ាន ក្នុង​វេទិកា​នៅ​ឥណ្ឌូណេស៊ី

  • 2018-10-11 10:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វេទិកា​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​អាស៊ាន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក នៅកោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នា​រសៀល​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ពីបញ្ហា​ប្រឈម​មួយចំនួន​របស់អាស៊ាន​ដូចជា៖

  • កំណើន​នៃភាព​ចាស់ជរា និងការ​ថយចុះ​កម្លាំង​ពលកម្ម

  • គម្លាត​ជំនាញ​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0

  • គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក និងការ​បែងចែក​ផ្លែផ្កា​កំណើន​ប្រកប​ដោយសមធម៌

  • ព្រមទាំង​បញ្ហា​និរន្តភាព​នៃការ​ប្រើប្រាស់​ធនធានធម្មជាតិ។

សម្តេច ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត ក្នុង​វេទិកា នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ រូបថត៖ FB សម្តេច ហ៊ុន សែន
សម្តេច​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សាកលលោក​ កំពុងវិវឌ្ឍ​ទៅរក​ក្របខ័ណ្ឌ​ពហុប៉ូល​ថ្មី បម្រែបម្រួល​កម្លាំង និង​តុល្យភាព​ព្រមទាំង​កំពុង​ប្រឈមនឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ ភេរវកម្ម និង​អំពើ​ហិង្សា​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ និង​ភាព​មិនប្រាកដប្រជា​ ក្នុង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារតែ​នយោបាយ​គាំពារ​និយម សង្គ្រាម​ពាណិជ្ជកម្ម ការ​រំលោភ​លើ​ប្រព័ន្ធ​ពហុភាគី​និយម និង​ភាព​ងាយរងគ្រោះ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សកល និង​តំបន់។

ជាមួយ​គ្នានេះ សម្តេច ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ថា ក្នុង​បរិការណ៍​នេះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បន្ត​ធ្វើ​សមាហរណកម្ម​លើការ​តភ្ជាប់​លើគ្រប់​វិស័យ ដើម្បី​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ទៅនឹង​ការវិវត្ត​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;