ម៉ាឡេស៊ី ផ្អាក​នាំចូល​ម្ទេស​វៀតណាមដែល​ផ្ទុក​សារធាតុ​គីមី​ហួស​កម្រិត​

  • 2018-10-16 02:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម និង​ឧស្សាហកម្ម​ផ្នែក​លើ​កសិកម្ម​ម៉ាឡេស៊ី ថ្មីៗ​នេះ បាន​ប្រកាស​ផ្អាក​ការ​នាំចូល​ម្ទេស​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​រក​ឃើញ​សារធាតុ​គីមី​ហួស​កម្រិត។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​ Vietnam News កាលពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៨​។

កសិករវៀតណាម ប្រមូលម្ទេសហាល (រូបថត៖ VnExpress News)
យោងតាម​ Vietnam News ​លោក Pham Quoc Anh ទីប្រឹក្សា​ពាណិជ្ជកម្ម​វៀតណាម ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រាប់​ថា ការ​ផ្អាក​នេះ គឺ​ម៉ាឡេស៊ី​បាន​លើកឡើង​ពី​កត្តា​២។ ទី​១- កសិករ អ្នក​ផលិត​ម្ទេស​នៅ​វៀតណាម មិនបាន​អនុវត្ត​តាម​គោលការណ៍​ស្ដង់ដារ​របស់​ម៉ាឡេស៊ី ដែល​ប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត។ ទី២- រដ្ឋាភិបាល​ម៉ាឡេស៊ី លើក​ទឹកចិត្ត​កសិករ​វ័យ​ក្មេង ចូលរួម​ផលិត​ម្ទេស​ដើម្បី​ប្រកួតប្រជែង​នឹង​ទីផ្សារ​របស់​បរទេស​។

ជា​ការ​ឆ្លើយ​តប ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​ម៉ាឡេស៊ី បាន​ផ្ញើ​លិខិត​ទៅ​កាន់​នាយកដ្ឋាន​ដែល​ពាក់ព័ន្ធ ដើម្បី​ស្នើ​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ធ្វើការ​បកស្រាយ​បំភ្លឺ​សម្រាប់​កសិករ​វៀតណាម ចំពោះ​កម្រិត​អនុញ្ញាត​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​សម្លាប់​សត្វ​ល្អិត ក្នុង​ម្ទេស​។​

គួរ​បញ្ជាក់​ថា ម៉ាឡេស៊ី បាន​ចាប់ផ្ដើម​នាំចូល​ម្ទេស​ពី​វៀតណាម កាលពី​ឆ្នាំ​២០១៦។ ហើយ ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ចិន ជា​អ្នក​នាំចូល​ម្ទេស​វៀតណាម ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​។

​នៅ​ទីផ្សារ​ម៉ាឡេស៊ី ម្ទេស​វៀតណាម ត្រូវ​បាន​លក់​តម្លៃ ០,៩ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ម្ទេស​ផលិត​ក្នុង​ស្រុក លក់​ក្នុង​តម្លៃ​ ១,៩ដុល្លារក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;