កំពង់ភ្លុក ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់ ក្នុង​រដូវ​វស្សា​

  • 2018-10-16 07:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​ទេសចរណ៍​កំពង់​ភ្លុក​ ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់​ទាញ​មួយ​នៅ​ក្នុង​រដូវ​ស្សា​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​នៅ​ទីនោះ​ភ្ញៀវ​ទេសចរ​អាច​គយគន់​សម្រស់​ពិត​នៃ​ធម្មជាតិ និង​ឈ្វេង​យល់​ពី​ជីវភាព​រស់នៅ និង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨​។

ភ្ញៀវទេសចរ កំពុងជិះទូកកម្សាន្ត នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្នុងរដូវវស្សា​
ដោយ​ដក​ស្រង់​សម្ដី​លោក សាង គង់ ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​បាន​ឲ្យដឹង​ថា សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត​។ កំពង់ភ្លុក​ មាន​ទេសភាព​ព្រៃ​លិច​ទឹក ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​ហ៊ុមព័ទ្ធ​ដោយ​ផ្ទៃ​ទឹក​ខៀវ​ស្រងាត់​នៅ​ជុំវិញ​នៅ​ក្នុង​បឹង​ទន្លេ​សាប​ដ៏​ស្រស់​ស្អាត​នា​រដូវ​វស្សា​នេះ។ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ​មួយ​ចំនួន​ធំ​ កំពុង​មាន​ការងារ​ធ្វើ​ និង​ប្រកប​មុខ​របរ​រកស៊ី​ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ​ពី​វិស័យ​ទេសចរណ៍​។

ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិឋាន​ដ៏​ស្រស់​ស្អាត​មួយ​នេះ ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​តូច​ទស្សនា​នៅ​ក្រោម​ម្លប់​ព្រៃឈើ​លិច​ទឹក​ដ៏​ត្រជាក់​។ ក្រៅ​ពី​នេះ នៅ​ពេល​ល្ងាច​ គេ​អាច​ទស្សនា​ថ្ងៃ​លិច​នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ស្រស់​ស្អាត។ នៅ​ពេល​យប់​ភ្ញៀវ​ទេសចរ​អាច ស្នាក់នៅ​ទីនោះ​បាន ​ដោយ​សហគមន៍​មាន​ផ្ទះ​ស្នាក់​នៅ រៀបចំ​យ៉ាង​ស្អាត​ និង​មាន​ផាសុកភាព។

ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក​បាន​បន្ត​ថា ដោយ​សារ​ភាព​ស្រស់​ស្អាត​នៃ​តំបន់​ទេសចរណ៍​កំពង់ភ្លុក​នេះ​ កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​មក​កម្សាន្ត​នៅ​តំបន់​នេះ ដោយ​ពួកគេ​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត និង​អាច​លេង​ទឹក​សប្បាយ​ផង​។

ចំណែក​លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា កំពង់ភ្លុក​ត្រូវ​បាន​ភ្ញៀវទេសចរ ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទៅ​កម្សាន្ត​ទីនោះ មាន​ការ​ពេញ​ចិត្ត​ទៅ​នឹង​បរិយាកាស​ដ៏​ត្រជាក់​បរិសុទ្ធ នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ថ្លាយង់ និង​​សំណង់​ផ្ទះ​បណ្ដែត​ទឹក ព្រៃ​លិច​ទឹក​លាត​សន្ធឹង​យ៉ាង​ឆ្ងាយ។

សូម​ជម្រាប​ថា តំបន់​ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​ពី​រួម​ខេត្ត​សៀមរាប​ប្រមាណ​ជាង ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

ទស្សនាទិដ្ឋភាព​ផ្សេងៗ នៅ​កំពង់ភ្លុក

(រូបថត៖ មន្ទីរទេសចរណ៍ខេត្ត​សៀមរាប)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;