កម្ពុជា​ត្រៀម​ពង្រឹង​កិច្ចសហការ​ជាមួយ​ឥណ្ឌូណេស៊ី ចាប់​ពី​វិស័យ​វប្បធម៌​ដល់​បច្ចេកវិទ្យា

  • 2018-10-17 01:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ជម្រាប​មន្ត្រី​ការទូត​ឥណ្ឌូណេស៊ី​ថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​លើ​វិស័យ​អាទិភាព​ផ្សេងៗ រាប់​ចាប់​តាំង​ពី​ពាណិជ្ជកម្ម វប្បធម៌ រហូត​ដល់​បច្ចេកវិទ្យា ដើម្បី​កាត់​បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ។

លោក​រដ្ឋមន្ត្រី បាន​អះអាង​ដូច្នោះ នា​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​លោក ស៊ូឌាមេន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​តាព្រហ្ម នៃ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក ស៊ូឌាមេន ហាសេង ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា (ឆ្វេង) និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម (ស្ដាំ)/ រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម
នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​លើកឡើង​ពី​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ព្រម​ទាំង​ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ តួ​យ៉ាង​ដូច​ជា ភាសា អក្សរសាស្ត្រ និង​ចម្លាក់​បុរាណ។ លោក​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ភាគី​ឥណ្ឌូណេស៊ី នូវ​សក្ដានុពល​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​កំពុង​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម (ពង្រីក) នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ និង​បាន​ស្នើ​ឱ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​ឥណ្ឌូណេស៊ី​មក​កម្ពុជា ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ក៏ដូចជា​ការ​ពង្រឹង​កិច្ច​សហការ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​នវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែល​ជា​គន្លឹះ​ក្នុង​ការ​លើក​ស្ទួយ​សហគ្រិនភាព សំដៅ​ធ្វើ​ពិពិធកម្ម​ឱកាស​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ជា​ការ​ឆ្លើយ​តប លោក ស៊ូឌាមេន ហាសេង បាន​យល់​ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី និង​បាន​គូស​បញ្ជាក់​ថា ឥណ្ឌូណេស៊ី​មាន​បំណង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេង​ទៀត​ជាមួយ​កម្ពុជា ហើយ​នៅ​សប្តាហ៍​ក្រោយ ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នឹង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរជន​កម្ពុជា ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ទី​ក្រុង Bandung នៃ​ខេត្ត​ចាវ៉ា​ខាង​លិច។

លោក​ឯកអគ្គរដ្ឋទូត បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ពី​កម្ពុជា និង​បាន​ជំរុញ​ពាណិជ្ជករ​ឥណ្ឌូណេស៊ី ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ភូមិ​១ ផលិតផល​១ ដែល​គ្រោង​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ និង​កាត់​បន្ថយ​ឱនភាព​​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​អតិបរមា។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី សម្រេច​បាន​ទឹកប្រាក់​សរុប ៥៣៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោល​គឺ​បាន​កើនឡើង​ជាង ២០% បើធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ទឹក​ប្រាក់ ២៦​លាន​ដុល្លារ​អាមេរិក និង​នាំ​ចូល​មាន​ចំនួន ៥១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដោយ​ឡែក នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី សម្រេច​បាន​ទឹក​ប្រាក់ ៣១៨​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើន​ឡើង ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​​២០១៧៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;