ចិន ពិន័យ​ក្រុមហ៊ុន​ឱសថ​មួយ ជាង ១​ពាន់​លាន​ដុល្លារ ជុំវិញ​បញ្ហា​វ៉ាក់សាំង

  • 2018-10-17 02:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ចិន​បាន​ពិន័យ​ក្រុមហ៊ុន​ផលិត​ឱសថ Changchun Changsheng Biotechnology ចំនួន ១,៣​ពាន់​លាន​ដុល្លារ ជុំវិញ​បញ្ហា​វ៉ាក់សាំង ដែល​បង្ក​ការ​ភ័យខ្លាច​ជា​សាធារណៈ​ចំពោះ​ឱសថ​ផលិត​ក្នុង​ស្រុក​របស់​ចិន។ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៨។

រូបភាព៖ Reuters
ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ផលិត​ឱសថ​ដែល​នៅ​ខេត្ត Jilin របស់​ចិន​នេះ គឺ​ក្រោយ​អាជ្ញាធរ​ចិន​រកឃើញ​ថា ក្រុមហ៊ុន​នេះ​ផលិត​វ៉ាក់សាំង​មិន​បាន​ត្រឹមត្រូវ។

មុន​ការ​ពិន័យ​នេះ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ឱសថ​នេះ រួម​ជាមួយ​នឹង​មនុស្ស ១៤​នាក់​ទៀត ត្រូវ​បាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ផលិត​វ៉ាក់សាំង​មិន​បាន​ត្រឹមត្រូវ កាលពី​ខែ​កក្កដា កន្លង​ទៅ។ ចំណែក​មន្រ្តី​ថ្នាក់​ជាតិ ខេត្ត និង​តំបន់​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជុំវិញ​បញ្ហា​នេះ។

ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្អាក​រាល់​ការ​ផលិត​ទាំង​អស់ ក្រោយ​អាជ្ញាធរ​រកឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ក្លែងបន្លំ​ទិន្នន័យ​ផលិត។

អាជ្ញាធរ​ចិន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​សង្ស័យ​ មិន​បាន​លក់ទៅ​ក្នុង​ទីផ្សារ​នោះ​ទេ។ ប៉ុន្ដែ​ករណីនេះ​បាន​បង្ក​កំហឹង​ពី​អ្នកប្រើប្រាស់ ដោយសារ​ពាក់ព័ន្ធ​បញ្ហា​សុវត្ថិភាព​ឱសថ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;