ស្លូវ៉ាគី ត្រៀម​ចែក​រំលែក​បទ​ពិសោធ ​ដល់​កម្ពុជា ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ

  • 2018-10-17 03:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧប​នាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូវ៉ាគី លោក Peter Kazimir បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស្លូវ៉ាគី បាន​ត្រៀម​ជាស្រេច​ក្នុងការ​ចែករំលែក​បទពិសោធ ដែល​ស្លូវ៉ាក​មាន ដល់​កម្ពុជា ជា​ពិសេស ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០១៨។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Peter Kazimir នៅ​កម្ពុជា ពីថ្ងៃទី​១៤ ដល់ ១៦​តុលា ២​០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួបជាមួយលោក Peter Kazimir កាលពីថ្ងៃទី១៦តុលា ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។ រូបថត៖ FB ក្រសួងសេដ្ឋកិច្ច
ជាការ​ឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​អំណរគុណ​ដល់ភាគី​ស្លូវ៉ាគី ចំពោះ​បំណង​នេះ ហើយលោក​ក៏​បាន​ជម្រាបជូន​វិញដែរ​ថា កំណែ​ទម្រង់​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ជា​កំណែ​ទម្រង់​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា នឹង​សិក្សា​ស្វែងយល់​បន្ថែមទៀត​នូវបទ​ពិសោធ​របស់​ស្លូវ៉ាគី ដើម្បី​ជា​ប្រយោជន៍​ដល់ការ​អនុវត្ត។

ជាមួយគ្នា​នេះ លោក​អគ្គបណ្ឌិត​សភាចារ្យ ក៏បាន​បង្ហាញ​នូវក្តី​សង្ឃឹម​ថា កម្ពុជា-ស្លូវ៉ាគី នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ការអប់រំ/ការអភិវឌ្ឍ​ធនធាន​មនុស្ស ទេសចរណ៍ វប្បធម៌ សុខាភិបាល និង​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;