ក្រសួង​ពាណិជ្ជកម្ម រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម

  • 2018-10-18 01:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ​លើ​ឯកសារ​ទស្សនទាន​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
ថ្លែង​នៅ​ក្នុង​សុន្ទរកថា​បើក​អង្គប្រជុំ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម គឺ​ជា​ឯកសារ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម ពិពិធកម្ម​ទីផ្សារ និង​ផលិតផល​សម្រាប់​នាំ​ចេញ។ ឯកសារ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​រៀបចំ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​២០០១ ដោយ​ផ្ដោត​ជា​ចម្បង​លើ​ការ​ធ្វើ​សមាហរណកម្ម​របស់​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​ពិភពលោក និង​ជំរុញ​ការ​ចូល​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី១ នៅ​ក្នុង​ឆ្នាំ​២០០៧ ដែល​បាន​បង្កើត​ជា​សសរ​ស្ដម្ភ​ចំនួន​បី​នៅ​ក្នុង​យន្តការ​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​មួយ ដែល​ហៅ​ថា អភិក្រម​គ្រប​ដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp)។

ក្រសួង​ពាណិជ្ជកម្ម បាន​បន្ត​សម្រិត​សម្រាំង​យុទ្ធសាស្ត្រ CTIS នេះ​ជា​បន្ដ​បន្ទាប់ ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៤ ទាន់​ពេល​វេលា​ជាមួយ​នឹង​ការ​ចាប់ផ្ដើម ASEAN Economic Community នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥។ ប្រធានបទ​របស់ CTIS 2014-2018 គឺ​សង្កត់​ធ្ងន់​លើ​កាលានុវត្តនភាព និង​បញ្ហា​ប្រឈម​របស់​កម្ពុជា ក្នុង​ការ​ពង្រីក និង​ធ្វើ​ពិពិធកម្ម​ការ​នាំ​ចេញ ព្រម​ទាំង​សិក្សា​យ៉ាង​លម្អិត លើ​ការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ទីផ្សារ​ដទៃ​ទៀត។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​រៀបចំ​សា​ជា​ថ្មី ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​លើ​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS 2019-2023 ក្រោម​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​អង្គការ Enhanced Integrated Framework (EIF) ក្នុង​គោល​បំណង​សម្រិត​សម្រាំង និង​បង្កើត​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ឆ្លើយតប​ទៅ​នឹង​បរិបទ​បច្ចុប្បន្ន ក៏ដូចជា​បង្កើត​ជា​សកម្មភាព​អាទិភាព​សម្រាប់​អនុវត្ត​គោល​នយោបាយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ចក្ខុវិស័យ ២០៣០ របស់​រាជរដ្ឋាភិបាល។ ប្រធានបទ​ចម្បង​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​លើក​នេះ​គឺ ១) ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​វិវត្ត​ចេញ​ពី​ប្រទេស LDC និង ២) ទាញ​យក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជា​ពិសេស​សេវាកម្ម និង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0)។

នៅ​ក្នុង​កិច្ចពិភាក្សា​នា​ឱកាស​នោះ លោក លោកស្រី តំណាង​មក​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ចូលរួម​យោបល់​មួយ​ចំនួន ដើម្បី​ជា​មតិ និង​ធាតុ​ចូល​បន្ថែម​លើ​ឯកសារ​ទស្សនទាន ដែល​ជា​ឯកសារ​គោល​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​បរិយាប័ន្ន និង​គ្រប​ដណ្ដប់​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទាំងអស់។ ការ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​នេះ នឹង​សង្ឃឹម​ថា​រៀប​ចំ​ឲ្យ​រួចរាល់​ជា​ស្ថាពរ និង​សម្ពោធ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;