ដើម្បីស្រូប​ទេសចរបរទេស រដ្ឋាភិបាល​ថៃ​លើកលែង​ទិដ្ឋាការ​ប្រទេស​ចំនួន២១

  • 2018-10-18 02:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​គ្រោង​លើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ​បរទេស​ចំនួន ២១​ប្រទេស នៅ​អំឡុង​ខែ​វិច្ឆកា និង​ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ ក្រោយ​ការ​ធ្លាក់ចុះ​ចំនួន​ទេសចរ​យ៉ាង​ខ្លាំង ជាពិសេស​ទេសចរ​ចិន។

រូបភាព៖ Bangkok Post

គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី​ថៃ Somkid Jatusripitak ក្នុង​គោលបំណង​ធានា​ទេសចរ​ចិន ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រោយ​ហេតុការណ៍​លិច​ទូក​នៅ​ក្នុង​សមុទ្រ​ក្នុង​ខេត្ត​ភូកេត កាលពី​ខែ​កក្កដា ២០១៨ កន្លង​ទៅ។

លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​​ទេសចរណ៍​ថៃ​បាន​បញ្ជាក់​ថា លោកឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak បាន​អនុញ្ញាត​ឲ្យ​ការិយាល័យ​អន្តរប្រវេសន៍ លើកលែង​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន២១ រហូត​ដល់​ចុង​ឆ្នាំ​២០១៨។

ការ​លើកលែង​ទិដ្ឋការ​នេះ​រំពឹង​ថា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កើនឡើង​រហូត​ដល់ ៤០​លាន​នាក់ កើនឡើង​លើស​គោលដៅ​ដែល​មាន ៣៨​លាន​នាក់។ ក្នុង​នោះ ភ្ញៀវទេសចរ​ចិន​អាច​កើនឡើង​រហូត​ដល់ ១២​លាន​នាក់ ខណៈ​ដែល​គោលដៅ​គ្រោង​ទុក​មាន​ត្រឹមតែ ១០,៥​លាន​នាក់។

ប្រតិបត្តិករ​ទេសចរណ៍​ឯកជន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រទេស​ថៃ​អាច​បាត់​ភ្ញៀវទេសចរ​ចិន ១​លាន​នាក់ ក្នុង​រយៈពេល ៦​ខែ ប្រសិន​បើ​ប្រទេស​ថៃ​មិន​អាច​ស្ដារ​ទំនុកចិត្ត​លើ​បញ្ហា​សុវត្ថិភាព។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ជាង ៣៥​លាន​នាក់ កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ដែល​ក្នុង​នោះ មួយ​ភាគ​បី​ជា​ភ្ញៀវទេសចរ​ចិន។ ប៉ុន្ដែ​ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​ធ្លាក់ចុះ​គួរឲ្យកត់​សម្គាល់ ក្រោយ​ហេតុការណ៍​លិច​ទូក​នៅ​ខេត្ត​ភូកេត ដែល​បាន​សម្លាប់​ភ្ញៀវទេសចរ​ចិន​ជិត ៥០​នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;