EU ប្ដេជ្ញា​ប្រឆាំង​​ការ​ជួញដូរ​ឈើ​ខុសច្បាប់​ពី​កម្ពុជា​ តែ​ការពារ​កិច្ច​ព្រមព្រៀង​ទិញ​ឈើ​ពី​វៀតណាម

  • 2018-10-18 02:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

សហភាព​អឺរ៉ុប​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ​ថា​ ការ​ចុះ​កិច្ចព្រមព្រៀង​ដៃ​គូ​ស្ម័គ្រចិត្ត (Voluntary Partnership Agreements) ​ហៅ​កាត់​ថា​ (VPAs)​ ​រវាង​ភាគី​សហភាព​អឺរ៉ុប និង​ភាគី​ប្រទេស​វៀតណាម​ ​សម្រាប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម​ ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ធនធាន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។ ហើយ​លោក​ថា​ កិច្ចព្រមព្រៀង​នេះ​ ​នឹង​ជួយ​ទ្រទ្រង់​ប្រទេស​កម្ពុជា​ ឲ្យអនុវត្ត​ច្បាប់​ដែល​ខ្លួន​មាន​ ​ដើម្បី​ការ​ពារ​សម្បត្តិ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​នេះ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក George Edgar​ ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ផ្ញើ​ជូន​ VOA​ ​តាម​សារ​អេឡិចត្រូនិក​ ឬ Email។​

ការ​ថ្លែង​ការពារ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង (VPAs)​ នេះ​ ធ្វើ​ឡើង​ក្រោយពី​មាន​ប្រតិកម្ម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​បាន​អះអាង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង (VPAs)​ ​រវាង​សហគមន៍​អឺរ៉ុប​ ​និង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី១៨​ ​ខែ​តុលា​ ឆ្នាំ​២០១៨​ ​នឹង​បង្ក​វិនាសកម្ម​បន្ថែម​ទៀត​ទៅលើ​ព្រៃ​ឈើ​កម្ពុជា ​ខណៈ​ដែល​មាន​លំហូរ​ឈើ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ចូល​ទៅ​ទីផ្សារ​វៀតណាម​ ​ពី​ប្រទេស​ជិត​ខាង​នានា​ ក្នុង​ចំណោម​នោះ​ ​ភាគ​ច្រើន​មក​ពី​កម្ពុជា​តែ​ម្ដង។

លោក​ ​George Edgar​ បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ទៅ​លើ​បញ្ហា​នា​នា​ ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​រួម​ពី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។​ ​សហ​ភាព​អឺរ៉ុប​បាន​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​ និង​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ទាក់​ទង​គ្នា​ ​តាមរយៈ​ផែន​ការ​សកម្ម​ភាព​នៃការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ អភិបាល​កិច្ច និង​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​ ​(FLEGT)។

លោក​បញ្ជាក់​បន្ថែម​ថា​ ផែនការ​សកម្ម​ភាព​នេះ​ មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងអភិបាល​កិច្ច​ព្រៃ​ឈើ​ ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ និង​ជំរុញ​ពាណិជ្ជកម្ម​ទៅ​លើ​ផលិត​ផល​ឈើ​ដែល​ត្រូវ​បាន​ប្រមូល​មក​ដោយ​ស្របច្បាប់​ និងមាន​ចីរភាព។

ឈើមូលដែល​គេ​ដឹក​ចេញ​ពី​ទ្យាន​ជាតិ​​វីរជ័យ ខេត្ត​រតនគិរី ទៅ​វៀតណាម កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ ២០១៨។ (រូបថត៖ សកម្មជនបរិស្ថាន)

​លោក​ឯក​អគ្គរដ្ឋទូត​បាន​ពន្យល់​ថា​ ​ការ​ចេញ​អាជ្ញាប័ណ្ណ​តាម​កម្មវិធី​នៃ​ការអនុវត្ត​ច្បាប់​ព្រៃ​ឈើ អភិបាល​កិច្ច និង​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​ (FLEGT) ត្រូវ​បាន​អនុវត្ត​តាម​ការ​សន្និដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត​ (VPAs) ជាមួយ​ប្រទេស​ជា​ដៃ​គូ។ បើ​តាមច្បាប់​ ប្រទេស​មួយ​ដែល​បាន​ឲ្យសច្ចានុមតិ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​ អាចគ្រាន់តែ​ចាប់​ផ្ដើម​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​ឈើ និង​ផលិតផល​ឈើ​ ដែល​ខ្លួន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ធានា​ភាព​ស្រប​ច្បាប់​ ដែល​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ​ហើយ​វា​ជា​ដំណើរការ​មួយ​ដែល​អាច​ស៊ី​ពេល​ច្រើន​ឆ្នាំ​ ក្រោយ​ការ​ផ្ដល់​សច្ចានុមតិ​លើ​កិច្ច​ព្រមព្រៀង VPAs នេះ។

លោក​ឯកអគ្គរដ្ឋទូត​អះអាង​ថា​ ប្រទេស​វៀតណាម​ បាន​ប្ដេជ្ញា​ចិត្តចេញ​បទបញ្ញត្តិ តម្រូវ​ឲ្យ​អ្នក​នាំចូល​ទាំង​ឡាយ​ ​អនុវត្ត​នីតិវិធី​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ធានា​ថា​ មាន​តែ​ឈើ​ស្របច្បាប់​ទេ ទើប​អាច​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​បាន​ ដែល​វា​ស្រដៀង​គ្នា​ទៅ​នឹង​កាតព្វកិច្ច​ជាច្រើន​ដែល​សហភាព​អឺរ៉ុប​ខ្លួន​ឯង​ បាន​ដាក់​ឲ្យ​អនុវត្ត​ជាធរមាន​ ជាមួយ​បទបញ្ញត្តិ​ឈើ​របស់​អឺរ៉ុប។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៨​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៧ ដែល​ធ្វើការ​តស៊ូ​មតិ​ការពារ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ និង​បាន​ផ្ញើ​ជូន​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ដើម្បី​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប លើកពេល​ចុះ​កិច្ចព្រមព្រៀង VPAs​ លុះ​ត្រា​តែ​មាន​ការ​កំណត់​តួនាទី​លើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​ឈើ​ស្របច្បាប់​ (TLAS)នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង​VPAsដ​ដែល​នោះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ជាក់​ទៀត​ថា​ ឈ្មួញ​ឈើ​វៀតណាម​កំពុងតែ​សកម្ម​ក្នុង​ការ​បំផ្លាញ​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សូកប៉ាន់​មន្ត្រី​រដ្ឋ​នៅ​គ្រប់​កម្រិត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដើម្បី​រក​ស៊ី​ឈើ​ដែល​មាន​តម្លៃ​ទាំងនេះ​ ក្រៅ​ពី​ក្របខ័ណ្ឌ​ច្បាប់។ ពួកគេ​ថា​ ការវិវត្ត​ថ្មីៗ​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​ឡាវ​ បាន​បង្កើន​សម្ពាធ​របស់​វៀតណាម​មក​លើ​ព្រៃ​ឈើ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​ផង​ដែរ។

បើតាម​អ្នកនាំពាក្យ​និង​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​លោក ​នេត្រ ​ភក្ត្រា ​មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ កាលពី​យប់​ថ្ងៃ​ទី​១៦ ​ខែតុលា​ថា​ ​លោក​មិន​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​បរិស្ថាន​នោះ​ទេ​ ​ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​ចាត់វិធានការ​ជុំវិញ​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

ចំណែក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ​ ស៊ី​ផាន​ ក៏បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​នាំ​ឈើ​ឆ្លងកាត់​ប្រទេស​វៀតណាម ដែល​កម្ពុជា​មាន​ធ្វើ​កំណត់​ទូត​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា​រួចហើយ។ លោក​ថា កំណត់​ទូត​នោះ​ ក្រសួង​ការ​បរទេស​បាន​ជម្រាប​ទៅ​វៀតណាម​ ក្នុង​កិច្ចសហការ​ជួញដូរ​ឈើ​ខុស​ច្បាប់ ហើយ​បើមាន​មន្ត្រី​ណា ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដែល​អាជ្ញាធរ​ជំនាញ​ចាប់​បាន គឺ​មន្ត្រី​ទាំង​នោះ​ត្រូវ​ទទួល​ខុស​ទោស​តាម​ច្បាប់៕


ប្រភព៖ VOA News ប្រែ​សម្រួល៖ សំភី