ស្ពាន​ឈើ​ប្រវែង​១៨៣​ម៉ែត្រ​នៅ​ប្រាសាទ​បេងមាលា​កំពុង​ជួសជុល​ឡើង​វិញ

  • 2018-10-18 03:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រាសាទ​បេងមាលា បើ​ទោះ​បី​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ ហើយ​មាន​ការ​បែក​បាក់​ច្រើន ក៏​ប៉ុន្តែ​នៅ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពាន​ឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ។

ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បាន​ធ្វើ​ឱ្យ​ស្ពាន​ឈើ​ដែល​សង់​ឡើង​កាល​ពី​ឆ្នាំ​២០០២ រង​នូវ​ការ​ពុកផុយ​ដោយ​អន្លើ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់ ហើយ​ស្ថានភាព​ស្ពាន​តូច​ចង្អៀត ពិបាក​ទេសចរ​ធ្វើ​ដំណើរ​និង​ដើរ​ជៀស​គ្នា​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សាមេត បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ថ្មី​ទាំង​ស្រុង មាន​ទំហំ​ធំ​ជាង​មុន និង​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ។

សកម្មភាព​ជួសជុល​ស្ពាន​ឈើ​នៅ​ប្រាសាទ​បេងមាលា/ រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា

លោក​បណ្ឌិត ឈាន រដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា ដំណើរការ​ជួសជុល​ស្ពាន​ឈើ​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បច្ចេកទេស​ជួសជុល រីឯ​ក្រុមហ៊ុន ខាំ សាមេត ជា​អ្នក​ផ្ដល់​ថវិកា​ទិញ​សម្ភារៈ។ ក្នុង​ការ​ជួសជុល​យើង​ប្រើ​ឈើ​អស់​ចំនួន​ជាង​៨០​ម៉ែត្រ​គូប មាន​ឈើ​បី​ប្រភេទ គឺ​ផ្ចឹក គគីរ និង​រាំង ដែល​ធន់​នឹង​អាកាស​ធាតុ ហើយ​ធានា​គុណភាព​បាន​យូរ​ឆ្នាំ។

ស្ពាន​ឈើ​នៅ​ប្រាសាទ​បេងមាលា/ រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា

លោក​បណ្ឌិត រដ្ឋា បន្ត​ទៀត​ថា ការ​ជួសជុល​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​អ្នក​ទស្សនា​ដែល​កើន​ឡើង​ជា​លំដាប់ ការពារ​មិន​ឱ្យ​ទេសចរ​ចុះ​ជាន់​លើ​ថ្ម​នាំ​ឱ្យ​រអិល​ឬ​ធ្លាក់​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន ហើយ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ និង​សម្រួល​ការ​ធ្វើ​ដំណើរ​ជៀស​គ្នា​ថែម​ទៀត។ ចំពោះ​ការសាង​សង់​វិញ ក្រុម​ការងារ​បុរាណវិទូ​និង​ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​និង​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ប្លង់ រួម​ទាំង​បញ្ជៀស​ហានិភ័យ​ផ្សេងៗ​ដល់​ថ្ម​ប្រាសាទ​ដោយ​ការ​មិន​ជីក​ដី​ដាំ​សសរ បើ​កន្លែង​ប៉ះ​ថ្ម គឺ​ប្រើ​សំបក​កង់​ឡាន​ទ្រាប់​ពី​លើ​ជៀសវាង​ការ​កកិត។ ដោយ​ឡែក សម្រាប់​ស្ពាន​ចាស់ ដែល​មាន​ទំហំ​សម​ល្មម និង​មាន​ភាព​មាំទាំ​នៅ​ឡើយ ក៏​ក្រុម​ការងារ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ថែ​ទាំ​ពង្រឹង​បន្ថែម​ទៀត​ដែរ។

សូម​បញ្ជាក់​ថា ស្ពាន​ឈើ​ដែល​ជា​សោភ័ណភាព​មួយ​នៃ​ប្រាសាទ​បេងមាលា​នេះ កើត​ឡើង​នៅ​ឆ្នាំ២០០២ ដោយ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរជាតិ​អប្សរា​ដើម្បី​ធ្វើ​ស្ពាន​ឈើ​ចូល​ទៅ​ក្នុង​ប្រាសាទ​សម្រាប់​ជញ្ជូន​សម្ភារៈ​ក្នុង​ការ​ថត​ភាពយន្ត​និង​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ​ឱ្យ​ស្គាល់​ពី​ប្រាសាទ​បេងមាលា​ផង។ ក្រោយ​មក​ដោយ​កំណើន​ភ្ញៀវ​ទេសចរ​កាន់​តែ​កើន​ឡើង ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​ជាន់​ថ្ម​ប្រាសាទ​ពេល​ដើរ​ទស្សនា ហើយ​មើល​ឃើញ​ពី​ប្រយោជន៍​នៃ​ស្ពាន​ឈើ​នេះ​អាច​សង្គ្រោះ​ដល់​ប្រាសាទ​ផង​នោះ អាជា្ញធរ​ជាតិ​អប្សរា​ក៏​បាន​បន្ត​ពង្រីក​ធ្វើ​ស្ពាន​ឈើ​នេះ​ជា​បន្ត​ភ្ជាប់​ជាមួយ​ស្ពាន​ចាស់​រហូត​មក​សព្វ​ថ្ងៃ៕

ស្ពាន​ឈើ​នៅ​ប្រាសាទ​បេងមាលា/ រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា
ស្ពាន​ឈើ​នៅ​ប្រាសាទ​បេងមាលា/ រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា
ស្ពាន​ឈើ​នៅ​ប្រាសាទ​បេងមាលា/ រូបភាព៖ អាជ្ញាធរ​ជាតិ​អប្សរា

អត្ថបទ៖ ឈាង.