ការអភិរក្សអណ្តើកហ្លួងក្នុងដែនជម្រកធម្មជាតិ កំពុងបង្ហាញសញ្ញាវិជ្ជមាន
- 2018-10-18 07:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 21
ការអភិរក្សអណ្តើកហ្លួងក្នុងដែនជម្រកធម្មជាតិ កំពុងបង្ហាញសញ្ញាវិជ្ជមាន
ចន្លោះមិនឃើញ
នាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុតក្នុងសកលលោក កំពុងបង្ហាញសញ្ញានៃភាពជោគជ័យហើយ។
កាលពីដើមខែតុលា ក្រុមល្បាតសហគមន៍រដ្ឋបាលជលផល និងក្រុមការងារតាមដាននិងស្រាវជ្រាវ របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញអណ្តើកហ្លួងទាំងអស់ បន្ទាប់ពីលែងកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ នៅតាមប្រព័ន្ធព្រែកស្រែអំបិល។ ការរកឃើញនេះ គឺតាមរយៈឧបករណ៍តាមដានដែលបានបំពាក់លើស្នូកអណ្តើកហ្លួង។
ទិន្នន័យពីការស្រាវជ្រាវ និងតាមដាន បានបង្ហាញថាអណ្តើកហ្លួងចំនួន ១ក្បាលបានផ្លាស់ទីទៅកាន់ប្រព័ន្ធព្រែកជីផាត់ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រពីទីតាំងលែង។ ដោយឡែក អណ្តើកហ្លួងចំនួន១ក្បាលផ្សេងទៀតត្រូវប្រជានេសាទប្រទះឃើញជាប់មង និងបានប្រគល់ឱ្យអង្គការWCSដើម្បីថែរក្សា។ លទ្ធផលទាំងនេះបានបញ្ជាក់ថា អណ្តើកហ្លួងទាំងអស់បាននឹងកំពុងផ្លាស់ទីទៅកាន់ទីជម្រកនានាបន្ទាប់ពីការលែង។
អណ្តើកហ្លួង ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុត។ វាស្ថិតក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក និងចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា។ ជាពិសេសព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានដាក់បញ្ចូលសត្វអណ្តើកហ្លួងនេះជាប្រភេទសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជា។
សត្វអណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការWCS បានសិក្សាស្រាវជ្រាវ និងរកឃើញមានចំនួនសត្វអណ្ដើកប្រភេទនេះដ៏តិចតួចឡើងវិញនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីពេលនោះមកអង្គការ WCS និងរដ្ឋបាលជលផលបានធ្វើការរួមគ្នាការពារនិងអភិរក្សសត្វអណ្តើកហ្លួងទាំងនេះពីការផុតពូជតាមរយៈសកម្មភាពដូចជា៖ ការការពារសំបុកពងកូន ការចិញ្ចឹម និងថែរក្សា ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់បទល្មើសនេសាទ និងការជួញដូរសត្វព្រៃការស្រាវជ្រាវ និងការតាមដានជាដើម៕
អត្ថបទ៖ សំភី