បឹង​ព្រែកទប់ លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​អ្នក​ក្រុង​ព្រះសីហនុ​ទៀតហើយ

  • 2018-10-18 08:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ទឹក​បឹង​ព្រែកទប់ លែងជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​អ្នកក្រុង​ព្រះសីហនុ​ ប្រើប្រាស់​ទៀត​ហើយ ខណៈដែល​ទឹកបឹង​នេះ បាន​គោករាក់ និង​បាត់បង់​គុណភាព។

អាជ្ញាធរខេត្ត បាន​ឱ្យដឹង​ថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន ដោយ​កាត់ផ្ទៃ​បឹង​ព្រែកទប់មួយ​ចំណែក​សម្រាប់​ធ្វើការ​អភិវឌ្ឍ និងមួយ​ភាគធំ​ទៀត សម្រាប់​កែ​លម្អ​ឱ្យ​ទៅជា​សួន​រមនីយដ្ឋាន​ទេសចរណ៍។

ក្នុង​គម្រោង​នេះ ក៏មាន​ការ​សាងសង់​នូវ​ផ្លូវកាត់​ដើម្បី​បញ្ចៀស​ចរាចរណ៍ ព្រមទាំងមាន​ការ​រៀបចំ​តុបតែង​លម្អ​ដោយ​ភ្លើង​ពណ៌​ផងដែរ។ ការ​រៀបចំ​កែលម្អ​ផ្ទៃបឹង​នេះ នឹង​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ព្រមទាំង​ឱ្យ​ក្លាយ​ទៅជា​រមនីយដ្ឋាន​ទេសចរណ៍​កម្សាន្ត​ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ មក​ទស្សនា​កម្សាន្ត។

បឹងព្រែកទប់ ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រូបថត៖ FB រដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាល​ខេត្ត​បន្តថា ចំពោះ​ប្រភព​ទឹកស្អាត ដែលត្រូវ​ផ្គត់ផ្គង់​ឱ្យ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ ត្រូវបាន​យកចេញ​ពី​អាង​ស្តុកទឹក​តំបន់​ក្បាលឆាយ ដែលជា​ប្រភពទឹក​ធម្មជាតិ មាន​វិសាលភាព​ផ្គត់ផ្គង់​លើការ​ប្រើប្រាស់ ​ដោយ​គ្មានការ​ព្រួយ​បារម្ភ ជំនួស​បឹង​ព្រែកទប់។

សូម​រំលឹក​ថា យោងតាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​២៣ ខែ​កុម្ភៈ និង​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈ​ កាលពីថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់ដី​ទំហំ ១១,៥០​ហិកតា ចេញពី​តំបន់​អភិរក្ស​ទឹកសាប​ព្រែក​ទប់ ស្ថិតក្នុង​ភូមិសាស្រ្ត​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ ដោយ​រក្សាទុក​ផ្ទៃដី​ទំហំ ៤,៨០ហិកតា​ជា​តំបន់​អភិរក្ស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;