ក្រុមISIS គំរាម​សម្លាប់​ចំណាប់​ខ្មាំង ១០នាក់​ក្នុង​មួយ​ថ្ងៃ​រហូតទាល់​តែអស់

  • 2018-10-19 03:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម ISIS បាន​ចាប់​យក​ចំណាប់ខ្មាំង​ប្រមាណ​ជិត ៧០០​នាក់ ក្នុង​ប្រទេស​ស៊ីរី ក្នុងនោះ​រួមមាន​ទាំង​ជនជាតិ​អឺរ៉ុប និង​អាមេរិក​ជាច្រើន​នាក់ ហើយ​គំរាម​ថា នឹង​សម្លាប់​ ១០នាក់​ក្នុង១ថ្ងៃ។ នេះបើ​តាមការ​ថ្លែង​អះអាង​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន ក្នុង​វេទិកា​ពិភាក្សា​មួយ នៅ​ក្រុង Sochi កាលពី​ថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០១៨។

លោក ពូទីន ក្នុងវេទិកាពិភាក្សាមួយនៅក្រុង Sochi កាលពីថ្ងៃទី១៨តុលា ២០១៨។ រូបថត៖ Reuters
លោក​ ពូទីន បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ពួកគេ (ISIS) បានដាក់​ចេញ​ឱសានវាទ តម្រូវការ​ជាក់លាក់ ហើយ​ព្រមាន​ថា ប្រសិន​បើពួកគេ​មិន​ទទួល​បាន​នូវការ​ទាមទារ​ទាំងនេះ​ទេ ពួកគេ​នឹង​សម្លាប់​ចំណាប់ខ្មាំង ១០នាក់​ជារៀងរាល់​ថ្ងៃ។ កាលពីថ្ងៃ​អង្គារ ពួកគេ​បាន​សម្លាប់​មនុស្ស ១០នាក់​រួចទៅ​ហើយ»។

បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី TASS កាលពី​ថ្ងៃពុធ សកម្ម​ប្រយុទ្ធ ISIS បាន​ចាប់យក​ចំណាប់ខ្មាំង​ទាំងនេះ ពី​ក្នុង​ខេត្ត Deir al-Zor ទៅក្រុង​ Hajin នៃ​ប្រទេស​ស៊ីរី បន្ទាប់ពី​ក្រុម​ជ្រុលនិយម​នេះ បាន​វាយប្រហារ​ជំរំ​ជន​ភៀសខ្លួន នៅក្នុង​តំបន់​មួយ​ដែល​កាន់កាប់​ដោយ​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត កាលពី​ថ្ងៃទី១៣​តុលា៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;