ការ​ជួសជុល​ផ្លូវជាតិ​៤៨ ពីស្រែ​អំបិល ទៅ​កោះកុង សម្រេច​បាន​ប៉ុន្មាន​ហើយ?

  • 2018-10-21 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​នៅថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ថា ​ផ្លូវជាតិ​លេខ​៤៨ ត្រូវ​បាន​ជួសជុល​សម្រេច​ជាង ៧០​ភាគរយ​ហើយ ដោយ​គ្រោងនឹង​ធ្វើឱ្យ​បាន​រួចរាល់​ទាន់​បុណ្យសមុទ្រ​នាពាក់​កណ្តាល​ខែធ្នូ ខាងមុខ​នេះ។

ក្រសួង​លើកឡើង​ថា ផ្លូវ​ជាតិ​នេះ​មាន​ប្រវែង ១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវ​បំបែក​ស្រែ​អំបិល ទៅដល់​ទីរួម​ខេត្ត​កោះកុង ដោយ​ក្នុងនោះ​ប្រវែង ៦៣​គីឡូម៉ែត្រ ត្រូវ​ទទួល​រងការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការ​ដឹកលើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងទៀត។

ក្រុមការងារកំពុងសិក្សាត្រួតពិនិត្យផ្លូវជាតិលេខ៤៨ ដើម្បីជួសជុល (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ផ្លូវនេះ​ត្រូវបាន​បែងចែក​ជា ៩១​កំណាត់​ខ្លីៗ ដើម្បី​ជួសជុល ឱ្យបាន​ទាន់​ពេលវេលា ដោយ​កម្លាំង​ចម្រុះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ ប្រើ​គ្រឿងចក្រ​សរុប ១១៤​គ្រឿង។ ការ​ជួសជុល​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២លាន​ដុល្លារ។

ក្រសួង​ដដែល​នេះ​បន្ត​ថា ផ្លូវជាតិ​លេខ​៤៨ បាន​រងការ​ខូចខាត ដោយ​ដល់​អាយុកាល ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ និង​ដោយសារ​ការ​ដឹក​លើស​ទម្ងន់​កំណត់ ព្រមទាំង​ស្ថានភាព​អាកាសធាតុ ដែលមាន​ភ្លៀង​ឥត​ឈប់ឈរ​នៅ​តំបន់​នោះ។

បើតាម​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល កាលពី​សប្តាហ៍​មុន ការ​ជួសជុល​ផ្លូវជាតិ​លេខ៤៨​នេះ នឹងត្រូវ​ធ្វើឱ្យ​បាន​ជាប់​រឹងមាំ និង​ថែទាំ​រយៈពេល​យ៉ាងតិច ២ឆ្នាំ ដោយសារតែ​ផ្លូវនេះ នឹងត្រូវ​លើក​កម្ពស់​គុណភាព​ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្រោម​កម្ចី​របស់​កូរ៉េ។ ការ​ចាប់ផ្តើម​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវ​នេះ នឹង​ធ្វើឡើង​នៅឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន​កូរ៉េ៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;