មហាធៀ៖ អំពើ​ពុករលួយ​ជា​រឿង​អតីតកាល​ក្នុង​ប្រទេស​ម៉ាឡេស៊ី

  • 2018-10-22 02:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​លើកឡើង​ថា អំពើពុករលួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយជា​រឿង​អតីតកាល ក្រោយ​ការ​ផ្លាស់ប្ដូរ​ក្នុង​រដ្ឋាភិបាល។ ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី បាន​ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Astro Awani កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ។

លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី/ រូបភាព៖ Reuters
លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បញ្ជាក់​ថា ប្រជាជន​មិន​​និយាយ​អំពី​ការ​ចំណាយ​សូកប៉ាន់​ទៀត​ទេ នៅ​ពេល​ជួប​ដោះស្រាយ​ជាមួយ​មន្រ្តី​រដ្ឋាភិបាល។ លោក​ថា "យើង​មិន​លឺ​ពី​អំពើ​ពុករលួយ​ទៀត​ទេ។ ប្រជាជន​អាច​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ចំណាយ​ការ​សូកប៉ាន់"។

លោក​បន្ថែម​ថា "ប្រសិន​យើង​ទៅ​បរទេស គ្មាន​នរណា​សួរ​យើង​ថា​តើ​ប្រទេស​យើង​កំពុង​ដំណើរការ​យ៉ាង​ម៉េច​ហើយ​ទៀត​នោះ​ទេ? នេះ​ដោយសារ​នៅ​ពេល​យើង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ចាស់ យើង​លុប​បំបាត់​អំពើ​ពុករលួយ"។

លោក មហាធៀ បាន​បញ្ជាក់​ថា កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​អំពើ​ពុករលួយ​បាន​ទទួល​ជោគជ័យ។ លោក​ថា "អំពើ​ពុលរលួយ​គឺ​ស្ទើតែ​គ្មាន​ទៀត​នោះ​ទេ ខណៈ​មាន​ការ​ភ័យខ្លាច​ចំពោះ​ច្បាប់។ នេះ​គឺ​ជា​ជោគជ័យ​ដ៏ធំ​មួយ... យើង​មិនមាន​មន្រ្តី​រដ្ឋាភិបាល​ដែល​កំពុង​បង្កើត​ចំណូល តាមរយៈ​អំពើ​ពុករលួយ​នោះ​ទេ"។

សូម​បញ្ជាក់​ថា លោក មហាធៀ បាន​ឈ្នះ​ការ​បោះឆ្នោត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​សន្យា​ប្រឆាំង​អំពើពុករលួយ និង​កំណែ​ទម្រង់​ស្ថាប័ន។ លោក​បាន​រិះគន់​រដ្ឋាភិបាល​មុន​របស់​លោក រ៉ាជីប ណាហ្សាក់ ថា​បាន​បង្កើត​អំពើពុករលួយ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;