Najib និង​អតីត​មន្ត្រី​កំពូល​ម្នាក់ ត្រូវ​ចោទ​ពី​បទ​រំលោភ​សេចក្ដី​ទុក​ចិត្ត

  • 2018-10-25 06:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី និង​លោក Irwan Serigar Abdullah អតីត​អគ្គលេខាធិការ​រតនា​ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ចំនួន ៦ករណី ដែល​ពាក់ព័ន្ធ​នឹង​ទឹក​ប្រាក់ ៦,៦​ពាន់​លាន​រីងហ្គីត (ប្រហែល ១,៥៩​ពាន់​លាន​ដុល្លារ​អាមេរិក) របស់​មូលនិធិ​រាជ​រដ្ឋាភិបាល។

លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Irwan Serigar Abdullah អតីត​អគ្គលេខាធិការ​រតនា​ជាតិ​ម៉ាឡេស៊ី
ប្រសិនបើ​រក​ឃើញ​ពិរុទ្ធភាព លោក Najib និង Irwan ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​តិច ២០​ឆ្នាំ ព្រមទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់។

ចៅក្រម Azman Ahmad បាន​កំណត់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ ១លាន​រីងហ្គីត (ជិត ២៤ម៉ឺន​ដុល្លារ​អាមេរិក) ក្នុង​ម្នាក់ៗ​។ ប្រាក់​ធានា​ចំនួន​ពាក់កណ្ដាល ត្រូវ​បាន​កំណត់​ត្រឹម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥​តុលា​នេះ ហើយ​ពាក់​កណ្ដាល​ទៀត ​ត្រូវ​ប្រគល់​ឲ្យ​បាន​យ៉ាង​យូរ​មុន​រយៈពេល ១០​ថ្ងៃ​បន្ទាប់​។

លិខិត​ឆ្លងដែន​អន្តរជាតិ និង​ការ​ទូត​របស់​លោក Najib និង Irwan ត្រូវ​បាន​ដកហូត​ផង​ដែរ។ អ្នកទាំង​ពីរ​នឹង​ចូល​សវនាការ​សា​ជាថ្មី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

​ព្រះរាជអាជ្ញា បាន​ឲ្យដឹង​ថា លោក Najib និង Irwan បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ត លើ​មូលនិធិ​រាជរដ្ឋាភិបាល សម្រាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ កម្មវិធី​ប្រាក់​ឧបត្ថម្ភ​មួយ និង​មូលនិធិ​មួយ​ចំនួន​ទៀត។

លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបថត៖ Reuters)

សូម​ជម្រាប​ថា លោក Najib កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់ ៣២​ករណី ​ពាក់ព័ន្ធ​នឹង​ការ​លាងលុយ អំពើ​ពុករលួយ និង​ការ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត ពី​គម្រោង 1Malaysia Development Berhad (1MDB) ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;