ធនាគារជាតិ បកស្រាយ​រឿង​ចាយលុយ​យ័ន​​នៅ​កម្ពុជា

  • 2018-10-31 01:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​មន្ត្រី​ជាន់​ខ្ពស់​នៃ​​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​​ពន្យល់​បន្ថែម​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​លុយ​យ័ន​​​​នៅ​កម្ពុជា​ឲ្យ​ទូលំទូលាយ ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ ​​បន្ទាប់​ពី​សាធារណជន​មួយ​ចំនួន​មាន​ការ​ភាន់​ច្រឡំ​ ​ជុំវិញ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា។​

លោក​ស្រី ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​ ២០១៨​ ថា ​នេះ​គឺ​ជា​ការ​សហការ​ប្រើ​ប្រាស់​រូបិយ​វត្ថុ​​​ជាតិ​វាង​កម្ពុជា និង​ចិន ដែល​សម្រួល​ដល់​ការ​ធ្វើ​​ពាណិជ្ជកម្ម​ទ្វេភាគី​។ និយាយ​ឲ្យ​ស្រួល​យល់ ពេល​ពាណិជ្ជករ​ចិន​ទិញ​ទំនិញ​ពី​កម្ពុជា ត្រូវ​ទូទាត់​ជា​លុយ​រៀល ហើយ​បើ​កម្ពុជា​ទិញ​ពី​ចិន ​ត្រូវ​ទូទាត់​លុយ​យ័ន​ ដោយ​វេរ​ចំនួន​លុយ​​ទាំង​នោះ​​តាម​រយៈ​ប្រព័ន្ធ​ធនាគារ។ ​​​​​​​​​​​​​

​លោក​ស្រី សង្កត់ធ្ងន់ថា​៖ ​​​​​​"មិនមែន​បាន​ន័យ​ថា ឲ្យ​គេ​ (ចិន)​ ដឹក​ក្រដាស​លុយ​យ័ន​ មក​ប្រើ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​អត់​ចង់​បាន​លុយ​ច្រើន​ដូច​ប្រាក់​ដុល្លារ​នោះ​ទេ"។​​​​

លោក​ស្រី ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ថ្លែងនា​ពេលកន្លងមក

លោក​ស្រី ជា​ សិរី បន្ត​ទៀតថា ​ការ​សហការ​ណ៍នេះ គឺ​មិនមែន​ធ្វើ​តែ​ជា​មួយ​លុយ​ជាតិ​របស់​ចិន​នោះ​ទេ កម្ពុជា​នឹង​ធ្វើការ​ទូទាត់​ជា​រូបិយ​ប័ណ្ណ​ជាតិ​ជាមួយ​​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ឯទៀត ដោយ​សារ​​​មិន​ចង់​ពឹង​ផ្អែក​រូបិយ​ប័ណ្ណ​បរទេស​ធំ​ៗ​ ដូចជា​ លុយ​ដុល្លារ​ លុយ​ផោន និង​លុយ​អឺរ៉ូ ជាដើម។

ការណ៍​ធ្វើ​ដូចនេះ​ គឺមាន​តម្លៃ​ពីរយ៉ាង​ ទី១ ​ប្រទេស​នីមួយ​ៗ​ទទួល​បាន​តម្លៃ​នៃ​រូបិយប័ណ្ណវត្ថុ​ជាតិ​​រៀងៗ​​ខ្លួន និងទី២ មិន​រំពឹង​​លុយ​បរទេស​ ។ ត្រង់​ចំណុច​នេះ​​លោកស្រី បន្ថែម​ថា "​​​​​​​​​​​​កាល​ណា​យើង​កាន់​លុយ​គេ​ច្រើន បើ​មាន​បញ្ហា​ណា​មួយ​នោះ​ យើង​ប៉ះពាល់​ដែរ ប៉ុន្តែ​យើង​មិន​អាច​ជៀស​ផុត​ការប្រើប្រាស់​លុយ​គេ​ទេ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​ខ្លះ"។

ចំពោះការប្រើប្រាស់ប្រាក់យ័ន ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺ ធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀត ធ្វើប្រតិបត្តិការជាប្រាក់យ័ន។ តាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ័ន ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ័ន​បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរ​មកពីប្រទេសចិន៕

ប្រភព៖ Sabay News អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;