វៀតណាម​ ចង់​​ប្រែក្លាយខ្លួន​ជា​មជ្ឈមណ្ឌល​ផលិត​ធំ​បំផុត​របស់​ Samsung

  • 2018-11-01 03:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Samsung ដែល​មាន​ប្រភព​ពី​កូរ៉េខាងត្បូង ធ្វើ​ការ​បង្កើន​ការ​វិនិយោគ និង​ប្រែក្លាយ​ប្រទេស​វៀតណាម​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​ផលិត​ធំ​បំផុត​របស់​ខ្លួន។ សំណើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Lee Jae-yong អនុ​ប្រធាន​ Samsung នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨​។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម ចាប់ដៃជាមួយលោក Lee Jae-yong អនុ​ប្រធាន​ Samsung (រូបថត៖ Vietnam News)
រដ្ឋ​សភា​វៀតណាម គ្រោង​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​កំពុង​ដំណើរការ សម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដើម្បី​ឲ្យ Samsung ទទួល​បាន​លក្ខខណ្ឌ​ជា​ច្រើន ក្នុង​ការ​​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​វៀតណាម។

អនុប្រធាន Samsung បាន​ឲ្យដឹង​ថា វៀតណាម​បាន​ជួយ​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ហើយ​ក្រុមហ៊ុន​ខ្លួន​នឹង​ពង្រីក​ទំហំ​នៃ​ការ​វិនិយោគ​លើ​ការ​ផលិត​គ្រឿង​បង្គំ នៅ​វៀតណាម។ ជាង​នេះ Samsung នឹង​ធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ នៅ​វៀតណាម​។

រោងចក្ររបស់ Samsung មួយនៅប្រទេសវៀតណាម (រូបថត៖ International Political Economy Zone)

សូម​ជម្រាប​ថា កន្លង​មក Samsung បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ផលិត​គ្រឿង​បង្គំ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ តាម​បទ​ពិសោធ​លើ​ផ្នែក​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) Samsung ក៏​នឹង​យក​បទ​ពិសោធ​ទាំងនេះ​ទៅ​ចែក​រំលែក​ឲ្យ​វៀតណាម​ផង​ដែរ​​៕

អត្ថបទទាក់ទង ម្ចាស់​រោងចក្រ​ដំឡើង​ផលិត​ផល​ Apple ​គ្រោង​ផ្លាស់​​ទីតាំង​មក​កាន់​អាស៊ី​អាគ្នេយ៍

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;