វៀតណាម​ចង់​មាន​ឧស្សាហកម្ម​ភាពយន្ត​បែប Hollywood

  • 2018-11-01 04:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិស័យ​ភាពយន្ត​​វៀតណាម​ កំពុងតែ​រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស ដោយ​គេ​ឃើញ​មាន​ការ​រីក​ដុះដាល​ឡើង​នូវ​រោង​ភាពយន្ត​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស រីឯ​​ផលិតករ​ភាពយន្ត​កាន់តែ​ច្រើន​ឡើង ក៏​​បាន​ប្រឡូក​ក្នុង​វិស័យ​​​នេះ ស្របពេល​ដែល​​ពិភពលោក​ កំពុង​ចាប់​អារម្មណ៍​លើ​​ភាពយន្ត​ខ្នាត​ធំ​ដែល​មាន​ចំណងជើង​ថា «Kong» ដែល​ជា​ភាពយន្ត​ត្រូវ​បាន​រៀបចំ និង​ថត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។

ប្រសិនបើ​យើង​សរសេរ​ពាក្យ «ភាពយន្ត​វៀតណាម» នៅ​តាម​អ៊ីនធឺណិត ដើម្បី​ស្វែង​រក នោះ​គេ​នឹង​ឃើញ​ថា ភាពយន្ត​ភាគ​ច្រើន​ គឺ​មិន​មែន​ផលិត​ដោយ​ជនជាតិ​វៀតណាម​ទេ ប៉ុន្តែ​គឺ​គេ​នឹង​ឃើញ​ភាពយន្ត Hollywood អំពី​សង្គ្រាម​វៀតណាម​ទៅ​វិញ ដូចជា​រឿង Apocalypse Now រឿង Full Metal Jacket និង​រឿង Born on the Fourth of July ជា​ដើម។ ភាពយន្ត Hollywood ទាំង​នេះ​ភាគ​ច្រើន​គឺ​ថត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ភាពយន្ត​ទាំង​អស់​នេះ​គឺ​ជា​រឿងរ៉ាវ​អំពី​ជនជាតិ​អាមេរិកាំង ដោយ​មាន​តួ​រាយរង​ជា​ជនជាតិ​វៀតណាម។

រោងភាពយន្ត​មួយ ក្នុង​ចំណោម​រោងភាពយន្ត​រាប់​រយ​កន្លែង​ នៅ​​វៀតណាម (រូបភាព៖ VOA)
នេះ​គឺ​ជា​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ ដែល​ចង់​ឲ្យ​ប្រទេស​វៀតណាម​អាច​ប្រឡូក​ក្នុង​ពិភព​ភាពយន្ត​នៅ​លើ​ពិភពលោក​បាន។ ករណី​នេះ​គឺ​កំពុងតែ​ចាប់ផ្ដើម​ហើយ។

នាង Ngo Thanh Van ដែល​ល្បី​ឈ្មោះ​ជា​អន្តរជាតិ​ដោយសារតែ​ការ​សម្ដែង​របស់​នាង​នៅ​ក្នុង​ភាពយន្ត​រឿង «Crouching Tiger, Hidden Dragon» បាន​ងាក​មក​ដឹកនាំ​រឿង​វិញ។ ភាពយន្ត​ថ្មី​បំផុត​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា «The Tailor» ត្រូវ​បាន​ដាក់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Academy Awards ឬ​ពាន​រង្វាន់ Oscar នៅ​ឆ្នាំ​ក្រោយ នៅ​ក្នុង​ប្រភេទ​ជា​ភាពយន្ត​និយាយ​ភាសា​បរទេស។

នាង Ngo Thanh Van ដែល​ធ្លាប់​សម្ដែង​នៅ​ក្នុង​រឿង «Star Wars: The Last Jedi» បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន Zing ថា៖ «ការ​ផលិត​ភាពយន្ត​នៅ​ក្នុង​ទីផ្សារ​វៀតណាម​គឺ​ជា​អាជីវកម្ម​ប្រថុយប្រថាន​មួយ។ ប៉ុន្តែ​មិន​មែន​សម្រាប់​ខ្ញុំ​នោះ​ទេ។ ដោយសារតែ​ដូច្នេះ​ហើយ​បានជា​ខ្ញុំ​ចង់​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​នេះ»។

ចំណាប់​អារម្មណ៍​កើន​ឡើង​លើ​ភាពយន្ត​វៀតណាម​នេះ គឺ​កើត​ចេញ​ពី​អ្នក​ផលិត​ផង និង​អ្នក​ទស្សនា​ផង​នៅ​ក្នុង​ប្រទេស​វៀតណាម។ បណ្ដាញ​រោង​ភាពយន្ត CGV នៅ​ក្នុង​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា ចំណូល​របស់​ខ្លួន​មាន​ការ​កើន​ឡើង​ចំនួន ៣០ ភាគរយ កាល​ពី​ឆ្នាំ ២០១៧ បើ​ប្រៀប​ជាមួយ​នឹង​ឆ្នាំ ២០១៦។

ទោះបីជា​ក្រុមហ៊ុន​នេះ​គ្រាន់តែ​ជា​ក្រុមហ៊ុន​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​រោង​ភាពយន្ត​ជិត​ពាក់​កណ្ដាល​នៅ​ក្នុង​ប្រទេស​វៀតណាម។

អ្នក​រិះគន់​ហៅ​ការ​គ្រប់គ្រង​នេះ​ថា​ជា​ការ​គ្រប់គ្រង​ផ្ដាច់​មុខ ប៉ុន្តែ​ករណី​នេះ​ក៏​មាន​ន័យ​ផង​ដែរ​ថា ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​របស់​ឧស្សាហកម្ម​ភាពយន្ត​នេះ​ជា​ទូទៅ។

ក្រៅ​ពី​ក្រុមហ៊ុន CGV ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CJ របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ ភាពយន្ត​ទាំង​នេះ​ក៏​ត្រូវ​បាន​ចាក់​បញ្ចាំង​ផង​ដែរ​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដូចជា​ក្រុមហ៊ុន BHD, Skyline, Cinestar, Cinebox, Lotte និង​ក្រុមហ៊ុន​ផ្សេង​ទៀត។

រោង​ភាពយន្ត​ទាំង​នេះ​កំពុង​បំពេញ​តម្រូវការ​របស់​អ្នក​ទស្សនា​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជិត ៧ ភាគរយ​ជា​រៀងរាល់​ឆ្នាំ។ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នេះ​ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ ដូចជា​ក្រុមហ៊ុន Netflix និង​ក្រុមហ៊ុនគូប្រជែង iflix ​ចាប់ផ្ដើម​បំពេញ​តម្រូវការ​របស់​អ្នក​ទស្សនា​វៀតណាម។

ធនាគារ Investar ដែល​ជា​ធនាគារ​ប្រឹក្សា​ខាង​វិនិយោគ​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​វិភាគ​មួយ​អំពី​ឧស្សាហកម្ម​ភាពយន្ត​ថា៖ «នៅ​ពេល​ដែល​ប្រទេស​មួយ​អភិវឌ្ឍ តម្រូវការ​អភិវឌ្ឍ​បន្ទាប់​គឺ​ការ​កម្សាន្ត ដូច្នេះ​ការ​ក្ដាប់​ឲ្យ​បាន​នូវ​តម្រូវការ​នេះ​គឺ​សំខាន់​ណាស់។ នៅ​ក្នុង​ប្រទេស​វៀតណាម រោង​ភាពយន្ត​ធំៗ​ភាគ​ច្រើន​បាន​ចាប់ផ្ដើម​រីក​ដុះដាល​ឡើង ហើយ​លំហូរ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ក៏​កំពុងតែ​កើន​ឡើង​ផង​ដែរ»។

ការ​រីក​ចម្រើន​នៃ​រោង​ភាពយន្ត​វៀតណាម​នេះ គឺ​កើត​ឡើង​ស្រប​គ្នា​នឹង​ការ​លេខ​មុខ​របស់​ជនជាតិ​វៀតណាម​រស់នៅ​បរទេស​នៅ​ក្នុង​ផ្នែក​ភាពយន្ត​នេះ។

ភាពយន្ត​ពេញ​និយម​មួយ​របស់​ក្រុមហ៊ុន Netflix ដែល​មាន​ចំណង​ជើង​ថា «To All the Boys I've Loved Before» មាន​តួ​សម្ដែង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ដែល​កើត​នៅ​ក្រុង Can Tho នៃ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ។ នៅ​ក្នុង​រឿង «Downsizing» លោក Matt Damon សម្ដែង​រួម​គ្នា​ជាមួយ​នឹង​នាង Hong Chau។ នាង Hong Chau ដែល​និយាយ​ភាសា​វៀតណាម​សង្កត់​សំឡេង​ធ្ងន់ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​សម្រាប់​ពាន​រង្វាន់ Golden Globe Award។

តារាសម្ដែង​វៀតណាម Hong Chau ចូលរួម​សម្ពោធ​រឿង​ហូលីវូដ Downsizing នៅ Los Angeles កាលពីចុងឆ្នាំ២០១៧ (រូបភាព៖ Reuters)

ជនជាតិ​វៀតណាម​រស់នៅ​បរទេស​ខ្លះ​ទៀត​ស្រដៀង​នេះ​ដែរ បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ជា​ច្រើន​តាំង​ពី​តួ​សម្ដែង អ្នក​ដឹកនាំ​សម្ដែង ផលិតករ និង​អ្នក​កែ​សម្រួល​ភាពយន្ត បាន​វិល​ត្រឡប់​ទៅ ឬ​ក៏​ទៅ​តាំង​ទី​លំនៅ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ក្នុង​ចំណោម​នោះ គឺ​លោក Johnny Tri និង​លោក Charlie Nguyen ដែល​ជា​បងប្អូន​នឹង​គ្នា។

ផលិតករ​ភាពយន្ត​ដែល​មក​ពី​ប្រទេស​បារាំង ក៏​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​ឡើង​វិញ​ក្នុង​ប្រទេស​វៀតណាម។ ក្នុង​ចំណោម​នោះ គឺ​ពលរដ្ឋ​បារាំង​ដើម​កំណើត​វៀតណាម​ពីរ​នាក់​ដែល​បាន​បង្កើត​ស្ទូឌីយោ​ភាពយន្ត​គំនូរជីវចល​មួយ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

នាង Nguyen Cao Ky Duyen ដែល​ជា​សិល្បករ បាន​សរសេរ​នៅ​លើ Facebook របស់​នាង​ថា៖ «ការ​មើល​ភាពយន្ត​វៀតណាម​គឺ​ជា​វិធី​កម្សាន្ត​សប្បាយ លំហែ​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ ប្រសិនបើ​អ្នក​គាំទ្រ​ភាពយន្ត​វៀតណាម វិស័យ​ភាពយន្ត​នេះ​នឹង​រក​ចំណូល​បាន ហើយ​វិនិយោគិន​នឹង​វិនិយោគ​បន្ថែម​លើ​វិស័យ​នេះ»។

នាង​បាន​បន្ថែម​ថា ប្រទេស​វៀតណាម​មាន ទីតាំង​ដែល​មាន​ទស្សនីយភាព​ល្អៗ​ជា​ច្រើន​ដែល​អាច​ជា​កន្លែង​ថត​ភាពយន្ត​បាន។

ភាពយន្ត​រឿង «Kong: Skull Island» គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ។ ឈុតឆាក​នៃ​រឿង​អំពី​ស្វា​យក្ស​ដ៏​ធំ​នេះ​ភាគ​ច្រើន​គឺ​ថត​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ក្នុង​នោះ​មាន​ទាំង​ឈុត​បង្ហាញ​ពី​ផ្ទាំង​ថ្ម​កំបោរ​រាង​ចោទ និង​ផ្ទៃ​ទឹក​ពណ៌​បៃតង​នៃ​តំបន់ Halong Bay ដែល​ជា​កន្លែង​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ UNESCO។

ខ្សែ​ភាពយន្ត​នេះ​ក៏​ជា​និមិត្តរូប​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​វៀតណាម​ផង​ដែរ។ ទោះបីជា​រឿង «Kong» នេះ រៀបចំ​ប្លង់​ថត​អំពី​សម័យ​សង្គ្រាម​វៀតណាម​ក៏​ដោយ ក៏​រឿង​នេះ​មិន​មែន​ថត​ឡើង​ជា​ភាពយន្ត​រៀបរាប់​ពី​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​រឿង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដោយសារ​ឈុត​ឆាក​ផ្សេង​ពី​នេះ ដូចជា​សកម្មភាព​របស់​ស្វា​យក្ស ការ​សម្ដែង​ឡើង​របស់​តួ​សម្ដែង​លោក Samuel L. Jackson និង​លោក Brie Larson និង​ទស្សនីយភាព​អស្ចារ្យ។ ប្រទេស​វៀតណាម​ក៏​មាន​ភាពយន្ត​រៀបរាប់​ពី​ឈុត​ឆាក​ទាំង​នេះ​ផង​ដែរ គឺ​មិន​មែន​គ្រាន់តែ​រឿងរ៉ាវ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ​ទេ។

ភាពយន្ត​ជា​ភាសា​វៀតណាម​មួយ​ចំនួន​បាន​ឈាន​ឡើង​ដល់​ឆាក​អន្តរជាតិ​គឺ​តាំង​ពី​ភាពយន្ត​រឿង «Cyclo» រហូត​ដល់​ភាពយន្ត​រឿង «The White Silk Dress»។ ប្រជាពលរដ្ឋ​វៀតណាម​សង្ឃឹម​ថា ទាំង​នេះ​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ឧស្សាហកម្ម​ភាពយន្ត​ដ៏​រស់​រវើក​នេះ​ប៉ុណ្ណោះ។

នាង Ky Duyen និយាយ​ថា៖ «យើង​ដឹង​ថា ភាពយន្ត​វៀតណាម​មិន​ទាន់​អាច​ប្រជែង​បាន​ជាមួយ​នឹង​ភាពយន្ត​នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​នោះ​ទេ ដោយសារតែ​វៀតណាម​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​បើក​ចំហ​វិស័យ​នេះ​នៅ​ឡើយ។ ប៉ុន្តែ​ករណី​នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​អាច​ឈាន​ដល់​កម្រិត​ដូច​គេ ឬ​ក៏​ហួស​គេ​នោះ​ទេ»។

ប្រទេស​ឥណ្ឌា​មាន​ឧស្សាហកម្ម​ភាពយន្ត Bollywood។ ប្រទេស​នីហ្សេរីយ៉ា​មាន​ឧស្សាហកម្ម​ភាពយន្ត Nollywood។ ដូច្នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ វៀតណាម​ប្រហែល​ជា​នឹង​មាន​ឧស្សាហកម្ម​ភាពយន្ត Vollywood នឹង​គេ​ផង​ដែរ៕

ប្រភព៖ VOA News ប្រែ​សម្រួល​៖ ភី សុភាដា/VOA

អត្ថបទថ្មី
;