ផ្លូវជាតិ​លេខ១ និង​លេខ៦ នឹងត្រូវ​ស្ថាបនា​កែលម្អ​ នាដើម​ឆ្នាំក្រោយ

  • 2018-11-02 02:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន​ បាន​គូស​បញ្ជាក់​ថា ផ្លូវជាតិ​លេខ១ និង​ផ្លូវជាតិ​លេខ៦ នឹងត្រូវ​ស្ថាបនា កែ​លម្អ និង​លើក​កម្ពស់​គុណភាព​ផ្លូវ ចាប់ពី​ដើមឆ្នាំ​២០១៩​ខាងមុខ ដើម្បី​ធានា​ការ​ប្រើប្រាស់​បាន​ជាប់​យូរអង្វែង។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់ រវាង​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Korea Consultants International (KCI) កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ នៅទីស្ដីការ​ក្រសួង។

បើតាម​ការ​ចុះផ្សាយ​របស់ AKP ដែល​ដកស្រង់​សម្តី ស៊ុន ចាន់ថុល ឱ្យដឹងថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួលកម្ចី​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍​អាស៊ី ADBនូវ​ទឹកប្រាក់​ចំនួន ៧០​លាន​ដុល្លារ សម្រាប់​គម្រោង​កែ​លម្អ​បណ្ដាញ​ផ្លូវថ្នល់ ដើម្បី​ធ្វើការ​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​ទាំង២នេះ។ ក្នុងនោះកំណាត់​ផ្លូវជាតិ​លេខ១ ពី​អ្នកលឿង ដល់​បាវិត និង​កំណាត់​ផ្លូវជាតិ​លេខ៦ ពី​ក្រុង​សៀមរាប ដល់​ក្រឡាញ់ ដែល​មាន​ប្រវែង​សរុប​ចំនួន ១៤៥,៥៨​គីឡូម៉ែត្រ។

ការ​កសាង​ផ្លូវទាំងពីរ​នេះ កាលពី​មុន​រាជរដ្ឋាភិបាល​ បាន​កសាង​ដោយចាក់​កៅស៊ូ​ប្រភេទ DBST គឺ​អ៊ុត​កៅស៊ូ​មាន​កម្រាស់​ស្ដើង ដោយសារតែ​កម្ពុជា​មិនទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​កសាង​ផ្លូវឱ្យ​បាន​រឹងមាំ។ ប៉ុន្ដែ បច្ចុប្បន្ន​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​មានការ​រីកចម្រើន និងការ​ដឹកជញ្ជូន ក៏មាន​ការកើន​ឡើង​ផងនោះ ទើប​រាជរដ្ឋាភិបាល ចាប់ផ្ដើម​លើក​កម្រិត​ផ្លូវ​ពីការ​ក្រាល​កៅស៊ូ​ប្រភេទ DBST ទៅជា​ការ​ចាក់​អ៊ុត​បេតុង​កៅស៊ូ AC ដើម្បី​ធានា​ការប្រើប្រាស់​ជាប់​បានយូរ។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​បន្ថែម។

លោក ស៊ុន ចាន់ថុល ចុះ​ MoU ជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស Korea Consultants International (KCI) កាលពីថ្ងៃទី១វិច្ឆិកា ២០១៨។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជួន
សូម​ជម្រាប​ថា MoU ដែល​ក្រសួង​សាធារណការ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​កាលពី​ម្សិលមិញ​នេះ គឺ​មាន​ទឹកប្រាក់​ជាង ៣លាន​ដុល្លារ លើ​គម្រោង​ការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​គម្រោង​កែ​លម្អ និង​លើក​កម្រិត​បណ្ដាញ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦។ ​ក្នុង​នោះ​ ភាគី​កូរ៉េ ទទួល​បាន​ជាង ២,៨​លាន​ដុល្លារ។

លោក ស៊ូ ដុង ផាក (Soo Dong Park) ប្រធាន​ក្រុមហ៊ុន Korea Consultants International ដែល​ទទួលបាន​ការ​ត្រួតពិនិត្យ និងជាទី​ប្រឹក្សា​បច្ចេកទេស​ក្នុងការ​ស្ថាបនា លើ​គម្រោង​ទាំងពីរ​នេះ បាន​ប្តេជ្ញា​ថា ក្រុមហ៊ុន​នឹង​គោរព​ទៅតាម​កិច្ចព្រមព្រៀង​នេះ ហើយ​ក្រុម​ជំនាញ​បន្ដ​ខិតខំ​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​ក្នុងការ​សាងសង់​តាមរយៈ​ឧបករណ៍ សម្ភារៈ​របស់​ក្រុមហ៊ុន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ធានា​គុណភាព​ស្រប​តាម​ស្ដង់ដារ។

គួរ​បញ្ជាក់​បន្ថែម​ថា គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​ជាតិ​ទាំងពីរ​នេះ នឹង​ធ្វើការ​លើក​កម្រិត​ផ្លូវពី​កម្រាល កៅស៊ី DBST បច្ចុប្បន្ន​ ទៅជា​កម្រាល​កៅស៊ូ AC ព្រមទាំង​ធ្វើការ​ស្ថាបនា​លូ​សង​ខាងផ្លូវ ដើម្បី រំដោះ​ទឹកភ្លៀង​ចេញ​ផងដែរ។ កំណាត់ផ្លូវ​ទាំងពីរ​នេះ នឹង​ត្រូវ​ធ្វើការ​លើក​កម្រិត​ដោយការងារ​ស្ថាបនា ក្រាល​កៅស៊ូ AC រយៈពេល​១៨ខែ ហើយ​បន្ដ​ថែទាំ​រយៈពេល ៣៦​ខែ ដែលនឹង​ចាប់ផ្ដើម​ការដ្ឋាន ពីខែ​មករា ឆ្នាំ​២០១៩ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២៣​ខាងមុខ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;