Ronaldo បំបែក​កំណត់ត្រា​ធំៗ ៤ ក្នុង​ឆ្នាំ ២០១៨

  • 2018-11-02 08:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo ជាកំពូល​កីឡាករ​បាល់ទាត់ ដែលឈ្នះពាន​រង្វាន់ជាច្រើន ទាំងនៅជម្រើសជាតិ នៅ​ក្លឹបអាជីព និង​ពាន​រង្វាន់​ផ្ទាល់ខ្លួន។ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​អ៊ីតាលី Juventus រូបនេះ ក៏ធ្លាប់បំបែកកំណត់ត្រា​ជាច្រើនផងដែរ។

បើគិត​តែ​ឆ្នាំ ២០១៨ នេះ Ronaldo បានបំបែក​កំណត់ត្រា​ធំៗ ចំនួន ៤។ នេះ​បើយោងតាម​វិបសាយកីឡា Sports Keeda។ កំណត់ត្រា​ទាំង ៤ នោះ​ មានដូចខាងក្រោម៖

១. កំណត់ត្រា ទាត់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ ចំនួន​ ៩​កម្មវិធី​​ជាប់​គ្នា

ទាត់​បញ្ចូល​ទី​​នៅ World Cup ទល់​នឹង​អេស្ប៉ាញ​​ក្នុង​ប្រកួត​ដំបូង​​ក្នុង​វគ្គ​ចែក​ពូល​ Ronaldo បាន​បង្កើត​កំណត់ត្រា​​ក្លាយ​ជា​កីឡាករ​អឺរ៉ុប​ដំបូង​ទាត់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ចំនួន​៩​កម្មវិធី​​ជាប់​គ្នា។ កំណត់ត្រា​នេះ​អាច​បញ្ជាក់​បាន​ថា Ronaldo មិន​ត្រឹម​តែ​ខ្លាំង​ក្នុង​ក្លឹប​អាជីព​ទេ សម្រាប់​ជម្រើស​ជាតិ​ក៏​មិន​ធម្មតា។

កម្មវិធី​ទាំង​៩​ដែល​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រក​គ្រាប់​បាល់​បាន​មាន៖ 2004 Euros, 2006 World Cup, 2008 Euros, 2010 World Cup, 2012 Euros, 2014 World Cup, 2016 Euros, 2017 Confederations Cup, 2018 World Cup។

២. កំណត់ត្រា កីឡាករ​វ័យ​​លើ​៣០​ឆ្នាំ​ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ

ការ​ប្រកាស​ Ronaldo ចាកចេញ​ពី Real Madrid ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ Madrid បាន​សម្រេច​ចិត្តលក់​ម្ចាស់​ពាន Ballon d'Or ​៥​សម័យ​ទៅ​កាន់ Juventus ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ នាំ​ឲ្យ​គេ​ជាប់​កំណត់ត្រា​កីឡាករ​លើ​វ័យ​៣០​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ។

៣. កំណត់ត្រា​ ​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​​គេ​ ក្នុង​ក្រុម​​ជម្រើស​ជាតិ​​នៅ​ទ្វីប​អឺរ៉ុប

បន្ទាប់​ពី​រក​បាន​គ្រាប់​ទី​៨៥​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Ronaldo បាន​​ហក់​ឡើង​លើ​អតីត​ជម្រើស​ជាតិ​ហុងគ្រី​លោក Ferenc Puskas ១​គ្រាប់ ក្លាយ​ជា​កីឡាករ​​​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​​គេ​សម្រាប់​ជម្រើស​ជាតិ​​នៅ​ទ្វីប​អឺរ៉ុប។

៤. កំណត់ត្រា កីឡាករ​ដំបូង​គេ ដែល​ឈ្នះពាន UEFA Champions League បានចំនួន ៥​ដង

ក្រោយ​យក​ឈ្នះ​ Liverpool 3-1 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ក្លឹប​ Real Madrid បាន​គ្រង​ពាន​នេះ​៣​ឆ្នាំ​ជាប់​ និង​ជា​លើក​​ទី​៤​ក្នុង​៥​រដូវ​កាល​ចុងក្រោយ។ ជ័យជម្នះ​នេះ​ក៏​ជួយ​ឲ្យ Ronaldo ​ជា​កីឡាករ​ដំបូង​ឈ្នះ UCL ៥​លើក​​ក្នុង​នោះ​ម្ដង​ជាមួយ Manchester United និង​៤​ដង​ជាមួយ Real៕ ​ ​​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;