រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​ឥណ្ឌា​បង្កើត​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ផ្នែក IT

  • 2018-11-02 08:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ជំរុញប្រទេស​ឥណ្ឌា ធ្វើការ​វិនិយោគ​លើ​វិស័យអប់រំ តាមរយៈ​ការ​បង្កើត​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ព័ត៌មានវិទ្យា និង​កសិកម្ម ដើម្បី​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា សំដៅ​ទាក់ទាញ​ការវិនិយោគផ្ទាល់​ពី​បរទេស និង​ការ​ធ្វើពិពិធកម្ម (ពង្រីក) កំណើន​សេដ្ឋកិច្ចជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (ស្ដាំ) ជួបពិភាក្សា​ជាមួយ​លោកស្រី ម៉ានីកា ជែន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋឥណ្ឌា​ប្រចាំនៅ​កម្ពុជា (ឆ្វេង)/ រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម
លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​លើកសំណើ​នេះ​ឡើង នា​ឱកាស​ទទួលជួប​ពិភាក្សាការងារ​ជាមួយ លោកស្រី ម៉ានីកា ជែន (Manika Jain) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋឥណ្ឌា​ប្រចាំនៅ​កម្ពុជា នា​ព្រឹកថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​កត្តា​ប្រឈមរបស់​កម្ពុជា ជាពិសេស​បញ្ហាកង្វះ​ធនធានមនុស្ស​ដែល​មាន​គុណភាព ដើម្បី​បម្រើគម្រោង​វិនិយោគធំៗ និង​បាន​ស្នើសុំ​លោកស្រី​ឯកអគ្គរដ្ឋទូត ជួយ​កៀងគរ​វិនិយោគិន​ឥណ្ឌា មក​សហការជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បង្កើត​សាកលវិទ្យាល័យ ដែល​មានកម្មវិធី​សិក្សា​ទាក់ទងព័ត៌មានវិទ្យា និង​បច្ចេកទេសកសិកម្ម​ទំនើប សម្រាប់​និស្សិត​កម្ពុជា។

«ប្រទេសឥណ្ឌា​មានភាព​លេចធ្លោ​លើ​វិស័យ​បច្ចេកវិទ្យា និង​មានកម្មវិធី​សិក្សា​ល្អៗ​ទាក់ទង​ព័ត៌មានវិទ្យា និង​កសិកម្ម ដូច្នេះ​សូម​ជួយនាំ​យក​កម្មវិធី​សិក្សា​ទាំងអស់​នោះ មក​ចែករំលែក​ដល់​និស្សិត​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ប្រទេស និង​ឆ្លើយតបតម្រូវការវិនិយោគិនបរទេស»។ លោក ប៉ាន សូរស័ក្តិ បានបន្ថែម។

ជាការឆ្លើយតប លោកជំទាវ ម៉ានីកា ជែន បានសន្យា​នាំយក​សំណើ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទៅ​ជម្រាប​រដ្ឋាភិបាល និង​វិស័យឯកជន​ឥណ្ឌា ឱ្យចូលមកបណ្តាក់​ទុន​លើ​វិស័យអប់រំ និង​វិស័យ​កសិកម្ម ដើម្បីចូលរួម​លើកស្ទួយ​សមត្ថភាពប្រកួតប្រជែង​របស់កម្ពុជា នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្មសាកល៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;