រក​ឃើញ​បញ្ហា​លើ​យន្តហោះ Lion Air ​២គ្រឿងទៀត​ សង្ស័យ​ជា​មូលហេតុ​នៃ​ការ​ធ្លាក់ ​JT610

  • 2018-11-03 02:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ដឹក​ជញ្ជូន​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ថា ខ្លួន​បាន​រកឃើញ​បញ្ហា នៅ​លើ​យន្តហោះ​ប្រភេទ Boeing 737-MAX 8 របស់​អាកាសចរណ៍ Lion Air ចំនួន ២​គ្រឿង​ទៀត រួម​ទាំង​បញ្ហា​ឧបករណ៍​ចង្អុល​បង្ហាញ​មួយ​នៅ​ក្នុង​បន្ទប់​បើកបរ។ ​អ្នកវិភាគ​សង្ស័យ​ថា នេះ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ជើង​ហោះហើរ JT610 របស់ Lion Air ធ្លាក់​កាលពី​ពេល​កន្លង​ទៅ។

អ្នកសង្គ្រោះ កំពុងយកបំណែកយន្តហោះដែលធ្លាក់ ទៅដាក់លើរថយន្ត នៅព្រលានយន្តហោះ Tanjung Priok ក្រុងហ្សាកាតា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (រូបថត៖ Reuters)
ក្រសួង​ដឹក​ជញ្ជូន​ដដែល បាន​បើក​ការ​ពិនិត្យ​លើ​យន្តហោះ​ថ្មី ចំនួន ១០​គ្រឿង របស់ Lion Air និង ក្រុមហ៊ុន Caruda ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ធ្លាក់ JT610 នៅ​សមុទ្រ​ជ្វា ដែល​ធ្វើ​ឲ្យ ១៨៩​នាក់​ស្លាប់ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

តាម​ការ​បញ្ជាក់​ពី​ក្រសួង​របស់​ឥណ្ឌូណេស៊ី​ខាងលើ យន្តហោះ​ភាគច្រើន មាន​បញ្ហា​ដែល​ទាក់ទង​នឹង​អេក្រង់​ក្នុង​បន្ទប់​បើកបរ និង​បញ្ហា​ប្រព័ន្ធ​លំនឹង​។

លោក Dudi Sudibyo អ្នក​វិភាគ​អាកាសចរណ៍​បាន​ឲ្យដឹង​ថា បញ្ហា​អេក្រង់​ក្នុង​បន្ទប់​បើកបរ អាច​បណ្ដាល​ឲ្យ​មាន​កំហុស​នូវ​ការ​បង្ហាញ​ល្បឿន និង​កម្ពស់​របស់​យន្តហោះ។ យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​របស់​ជើង​ហោះហើរ JT610 ឡើយ។

សូម​រំឭក​ថា ជើង​ហោះ​ហើរ JT610 របស់​ក្រុមហ៊ុន​ដែល​បាន​ធ្លាក់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨​ បណ្ដាល​ឲ្យ​មនុស្ស​​នៅ​លើ​យន្តហោះ​សរុប ១៨៩នាក់ បាន​បាត់បង់​ជីវិត។ ជើង​ហោះហើរ​ប្រភេទ Boeing 737 MAX 8 នេះ បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ក្រុង​ហ្សាកាតា កាលពី​ម៉ោង ៦:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩តុលា ដើម្បី​ហោះ​ឆ្ពោះ​ទៅ​កាន់​កោះ Bangka ដែល​ជា​កោះ​ធំ​ទី​៩ របស់​ឥណ្ឌូណេស៊ី។ ប្រហែល ១៣​នាទី​ក្រោយ​មក យន្តហោះ​បាន​ដាច់​ការ​ទាក់ទង​។

តាម​សេចក្ដី​រាយការណ៍ យន្តហោះ​ដែល​ធ្លាក់​ ជា​ម៉ូដែល​ថ្មី ដែល​ទើបតែ​បញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន Lion Air កាលពី​ខែ​សីហា ឆ្នាំ​២០១៨ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បើ​តាម​លោក Edward Sirait នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lion Air Group បាន​ឲ្យដឹង​ថា យន្តហោះ​នេះ​ធ្លាប់​មាន​បញ្ហា​បច្ចេកទេស​ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ហ្សាកាតា មួយ​ថ្ងៃ​មុន​ជួប​ឧបទ្ទវហេតុ តែ​គេ​បាន​ជួសជុល​បញ្ហា​នេះ​រួចរាល់​ហើយ​ ។

Boeing 737 MAX 8 ជា​យន្តហោះ​ថ្មី ដែល​ទើបតែ​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨​ ប៉ុណ្ណោះ​។

អ្នក​មុជ​ទឹក បាន​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ ពី​យន្តហោះ​ដែល​បាន​ធ្លាក់ និង​បាន​ស្គាល់​អត្តសញ្ញាណ​សព​អ្នក​ដំណើរ​ម្នាក់ ក្នុង​ចំណោម​សព​អ្នក​ដំណើរ​ដទៃ​ទៀត​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;