ក្រុមហ៊ុន​វៀតណាម ទិញ​យន្ត​ហោះ​៥០​គ្រឿង​តម្លៃ​៦,៥​ពាន់​លាន​ដុល្លារ ពី ​Airbus

  • 2018-11-03 04:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ឯកជន​ធំបំផុត​របស់វៀតណាម​ VietJet បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus របស់​បារាំង ដើម្បី​ទិញ​យន្តហោះ​ចំនួន​ ៥០គ្រឿង ក្នុង​តម្លៃ​សរុប ៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ថ្ងៃ​សុក្រ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

ជើងហោះហើរ​របស់ VietJet ត្រៀមចុះចតនៅព្រលានយន្តហោះ Tan Son Nhat ក្រុងហូជីមិញ (រូបថត៖ Reuters)
តាម​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​ពី​ការិយាល័យ​ នាយក​រដ្ឋ​មន្ត្រី​បារាំង លោក Edouard Philippeបាន​និយាយ​ថា ក្រុមហ៊ុនAirbus បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន VietJet Air របស់​វៀតណាម​សម្រាប់​ការ​ទិញ​យន្តហោះ​ប្រភេទ A321neo ចំនួន ៥០គ្រឿង។

កិច្ច​ព្រមព្រៀង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​វៀតណាម និង​បារាំង​ដែល​ជាដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ដែល​ចង់​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​អតីត​អាណានិគម​នេះ​។

ឯកសារ​នេះ​បាន​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន VietJet Airក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ ការ​យោគយល់​ដែល​មាន​ទឹកប្រាក់ ៥ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Safran របស់​បារាំង​សម្រាប់​ការ​ជួសជុល​ម៉ាស៊ីន និង​គ្រឿង​សម្ភារៈ​​យន្តហោះ​។

សូមជម្រាប​ថា ក្រុមហ៊ុន VietJet កំពុងដំណើរការ​យន្តហោះ ៦០គ្រឿង​ ស្មើនឹង​ជើងហោះហើរ​ ៣៨៥ជើង​ ក្នុង​មួយថ្ងៃ​។ VietJet ធ្វើការ​ហោះហើរ​នៅក្នុងប្រទេសវៀតណាម ​និង​ទៅ​កាន់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហុបរី ចិន ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ក្រុងហុងកុង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;