កោះ​តូច​មួយ​របស់​ជប៉ុន បាន​លិច​បាត់​ទាំង​ស្រុង​ហើយ​

  • 2018-11-03 07:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​ជប៉ុន Asahi Shimbun បាន​រាយការណ៍​ថា កោះ​តូច​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល ៥០០ម៉ែត្រ ពី​ភូមិ​ សារ៉ូហ៊្វូតស៊ូ ស្ថិត​នៅ​ភាគ​ខាងជើង​កោះ ហុក​កៃ​ដូ ប្រទេស​ជប៉ុន បាន​លិច​ទាំង​ស្រុង។ ឆ្មាំ​សមុទ្រ​ជប៉ុន នឹង​​បើក​ប្រតិបត្តិការ​ស្វែងរក​កោះ​ដែល​មាន​ឈ្មោះថា អ៊ីសានបេហាណាគីតាកូជីម៉ា (Esanbehanakitakojima )។

ដែនទឹកភាគខាងជើងប្រទេសជប៉ុន (រូបថត៖ The Japan Times)
សេចក្ដីរាយការណ៍​នេះ បាន​ចុះផ្សាយ​បន្ទាប់ពី​ទទួល​បាន​ពី​អ្នកនិពន្ធ ហ៊ីរ៉ូស៊ីម៉ា ស៊ីមីហ្ស៊ូ ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​នេះ​ដើម្បី​ចងក្រង​ជា​សៀវភៅ​រូបភាព​មួយ​ក្បាល តែ​លោក​មិន​អាច​រកឃើញ​កោះ អ៊ីសានបេហាណាគីតាកូជីម៉ា ឡើយ​។

យោង​តាម​លោក ស៊ីមីហ្ស៊ូ ដែល​បាន​សាកសួរ​អ្នក​នេសាទ​នៅ​ក្នុង​តំបន់​នោះ បាន​ឲ្យដឹង​ថា គេ​មិន​អាច​មើល​ឃើញ​កោះ​នេះ​ពី​ដី​គោក ឬ​ពី​លើ​ទូក​ដែល​ធ្វើ​ដំណើរ​នៅ​ជិត​ទី​នោះ​ឡើយ​។

អាជ្ញាធរ​ជប៉ុន មាន​ការ​ព្រួយបារម្ភ ចំពោះ​ការ​លិច​បាត់​កោះ​ដ៏​តូច​មួយ​នេះ ដោយសារតែ​កោះ​នេះ ជា​សញ្ញា​សម្គាល់​ដែនទឹក​របស់​ជប៉ុន​នៅ​ភាគ​ខាង​ជើង​ ហើយ​ប្រទេស​រុស្ស៊ី​បាន​អះអាង​ថា តំបន់​នេះ គឺ​ជា​របស់​ខ្លួន​។ រុស្ស៊ី ហៅ​តំបន់​នេះ​ថា Kurils ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ទ័ព​សូវៀត ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។

កាលពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ជា​ផ្លូវការ​​ថា កោះ​គ្មាន​មនុស្ស ​ដូចជា​កោះ​អ៊ីសានបេហាណាគីតាកូជីម៉ា មាន​ចំនួន​សរុប ១៥៨​កោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន។

យោង​តាម​ច្បាប់​អន្តរជាតិ ប្រទេស​មួយ​អាច​ទាមទារ​ថា ដែន​ទឹក​ជុំវិញ​កោះ​មួយ​ជា​របស់​ខ្លួន​បាន ដរាបណា គេ​អាច​មើល​ឃើញ​កោះ​ទាំង​នោះ​នៅ​លើ​នីវ៉ូ​ទឹក​សមុទ្រ​ នៅ​ពេល​ជំនោរ​ខ្ពស់​បំផុត។

តាម​ការ​វាស់​ស្ទង់​មួយ​កាល​ពី​ឆ្នាំ​១៩៨៧ កោះ​អ៊ីសានបេហាណាគីតាកូជីម៉ា មាន​កម្ពស់​ ១,៤​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;