អ្នក​មុជទឹក​ម្នាក់​ស្លាប់ ក្នុង​បេសកកម្ម​រុករក​យន្តហោះ Lion Air ដែលបាន​ធ្លាក់​ចូល​សមុទ្រ

  • 2018-11-04 02:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកមុជទឹក​ឥណ្ឌូណេស៊ី​ម្នាក់ បាន​ស្លាប់ ក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​រុករក​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ដែលបាន​ធ្លាក់ចូល​ក្នុង​សមុទ្រ​នៃកោះជ្វា​ខាងលិច។ នេះបើ​តាមមន្រ្តី​ឥណ្ឌូណេស៊ី​មួយរូប បាន​ឱ្យដឹង​កាលពីថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

អ្នក​មុជទឹករូបនោះ​មានឈ្មោះ​ថា Syachrul Anto អាយុ ៤៨​ឆ្នាំ បានស្លាប់​ក្នុង​បេសកកម្មនេះ​កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ។ គាត់បាន​បាត់ខ្លួន ហើយ​មិនបាន​ងើបឡើង​មកលើ​ផ្ទៃទឹក​វិញ​ឡើយ នៅពេល​ផ្អាក​ប្រតិបត្តិការ​នេះ ក្នុង​អំឡុង​ម៉ោង ៤ល្ងាច។

លោក Syachrul Anto ដែលបានស្លាប់ក្នុងបេសកកម្មរុករកយន្តហោះ កាលពីថ្ងៃទី២វិច្ឆិកា ២០១៨។ រូបថត៖Facebook
បើតាម​ការចុះផ្សាយ​របស់​វិបសាយ Merdeka.com ប្រធាន​ក្រុមនៃ​បេសកកម្ម​មុជទឹក​រុករក​យន្តហោះ​នេះ លោក Bayu Wardoyo បាននិយាយ​ថា សាកសព​អ្នក​មុជទឹករូប​នោះ ត្រូវបាន​ស្រង់​ចេញពី​ក្នុងទឹក​សមុទ្រ​វិញ នៅ​ម៉ោង ៩កន្លះ​យប់។

វិបសាយ​ដដែល​នេះ បាន​ដកស្រង់​សម្តីលោក Isswarto មេបញ្ជាការ​ផ្នែកស្រាវជ្រាវ និង​សង្គ្រោះ​របស់​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​ថា បញ្ហា​សម្ពាធ​ខ្យល់ អាចជា​មូលហេតុ​នៃការស្លាប់​របស់​អ្នកមុជទឹក​រូបនោះ។ លោកថា Syachrul Anto ​គឺជា​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​មួយរូប នៃ​ភ្នាក់ងារ​ស្រាវជ្រាវ​ជាតិ និង​សង្គ្រោះ Basarnas។ ទោះជា​យ៉ាងណា ភ្នាក់ងារ Basarnas កំពុង​ស៊ើប​អង្កេត​រកមូលហេតុ​នៃ​ហេតុការណ៍​នេះ​ហើយ។

សូម​រំលឹក​ថា ជើង​ហោះ​ហើរ JT610 របស់​ក្រុមហ៊ុន​ Lion Air បាន​ធ្លាក់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨​ បណ្ដាល​ឲ្យ​មនុស្ស​​នៅ​លើ​យន្តហោះ​សរុប ១៨៩នាក់ បាត់បង់​ជីវិត។ ជើង​ហោះហើរ​ប្រភេទ Boeing 737 MAX 8 នេះ បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ក្រុង​ហ្សាកាតា កាលពី​ម៉ោង ៦:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩តុលា ដើម្បី​ហោះ​ឆ្ពោះ​ទៅ​កាន់​កោះ Bangka ដែល​ជា​កោះ​ធំ​ទី​៩ របស់​ឥណ្ឌូណេស៊ី។ ប្រហែល ១៣​នាទី​ក្រោយ​មក យន្តហោះ​បាន​ដាច់​ការ​ទាក់ទង៕

អ្នកសង្គ្រោះ កំពុងយកបំណែកយន្តហោះដែលធ្លាក់ ទៅដាក់លើរថយន្ត នៅព្រលានយន្តហោះ Tanjung Priok ក្រុងហ្សាកាតា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (រូបថត៖ Reuters)

អត្ថបទទាក់ទង៖ រក​ឃើញ​បញ្ហា​លើ​យន្តហោះ Lion Air ​២គ្រឿងទៀត​ សង្ស័យ​ជា​មូលហេតុ​នៃ​ការ​ធ្លាក់ ​JT610

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;