អារ៉ាប៊ីសាអ៊ូឌីត គ្រង​ជើងឯក AFC U19 ជា​លើកទី៣ ក្រោយយក​ឈ្នះ​កូរ៉េ​ខាងត្បូង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

  • 2018-11-05 01:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ខកខាន​លើក​ពាន​កាលពី​២​ឆ្នាំមុន ពេល​នេះ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ធ្វើបាន​សម្រេច​ហើយ ដោយបាន​លើកពាន AFC U19 Championship 2018 ក្រោយ​យកឈ្នះ កូរ៉េខាងត្បូង ក្នុង​លទ្ធផល ២-១ នៅវ​គ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ។ ការប្រកួត​នេះ គឺ​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាករ U19 អារ៉ាប៊ីសាអ៊ូឌីត អបអរក្រោយស៊ុតបញ្ចូលទីកូរ៉េខាងត្បូង (រូបថត៖ FIFA U20 World Cup)
២គ្រាប់​របស់​អារ៉ាប៊ីសាអ៊ូឌីត ធ្វើបាន​នៅ​តង់ទី១ គឺ​នាទី ២ និង ២២។ ចូលដល់​តង់ទី២ នៅ​នាទី៦៤ ទើប​កូរ៉េ​ខាងត្បូង អាចរក​បាន​១គ្រាប់វិញ ដោយការស៊ុត​បាល់​ប៉េណាល់​ទី។

នេះជាលើក​ទី៣​ហើយ សម្រាប់​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​ឈ្នះពាន​រង្វាន់នេះ ដោយ​លើកទី១ នៅក្នុង​ឆ្នាំ១៩៨៦ និង​លើកទី២ នៅឆ្នាំ​១៩៩២ (លើកទី២​នេះ ក៏ឈ្នះ​កូរ៉េ​ខាងត្បូង ២-០ នៅ​វគ្គផ្តាច់ព្រ័ត្រ​ដែរ)។ កាលពី​ឆ្នាំ២០១៦ អារ៉ាប៊ីសាអ៊ូឌីត ក៏បាន​ឈាន​ចូល​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ ប៉ុន្តែ​ប្រកួតចាញ់ ជប៉ុន ក្នុង​វគ្គ​ទាត់បាល់​កាត់​សេចក្តី ១១​ម៉ែត្រ។

កូរ៉េខាងត្បូង ក្នុងការប្រកួតជាមួយ អារ៉ាប៊ីសាអ៊ូឌីត កាលពីយប់មិញ (រូបថត៖ FIFA U20 World Cup)

សូម​រំលឹក​ថា អារ៉ាប៊ីសាអ៊ូឌីត បាន​ឡើង​មកដល់​វគ្គផ្តាច់ព្រ័ត្រ​នេះ បន្ទាប់​ពីឆ្លង​ផុតវគ្គ​ចែកពូល ក្នុងនាម​ជាក្រុម​លេខ១ នៅពូល​D, ឈ្នះ​អូស្ត្រាលី នៅ​វគ្គ ៨ក្រុម ក្នុង​លទ្ធផល ៣-១ និង​ឈ្នះ​ជប៉ុន ២-០ នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;