នាយករដ្ឋមន្រ្តី​វៀតណាម និង​ឡាវ ជួប​ជាមួយ ស៊ី ជីនពីង នៅ​ក្រុង​សៀងហៃ

  • 2018-11-05 02:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Thongloun Sisoulith នាយករដ្ឋមន្រ្តី​ឡាវ និង​លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​វៀតណាម កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ បាន​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន អំឡុង​មេដឹកនាំ​អាស៊ាន​ទាំង​ពីរ ទៅ​ចូលរួម​ពិរព័ណ៌​ការ​នាំចូល​អន្តរជាតិ​របស់​ចិន លើក​ទី១ នៅ​ក្រុង​សៀងហៃ ភាគ​ខាងកើត​នៃ​ប្រទេស​ចិន។

លោក Thongloun Sisoulith នាយករដ្ឋមន្រ្តី​ឡាវ (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​អាមេរិក អំឡុង​ជំនួប​នៅ​ក្រុង​សៀងហៃ កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ២០១៨/ រូបភាព៖ Xinhua
អំឡុង​ជួប​ជាមួយ លោក​នាយករដ្ឋមន្រ្តី​ឡាវ លោក ស៊ី ជីនពីង បាន​លើកឡើង​ថា ទំនាក់ទំនង ចិន-ឡាវ ស្ថិតនៅ​ចំណុច​ល្អបំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ លោក ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ខិតខំ​ធានា​ដំណើរការ​រលួន​ក្នុង​ការ​សាងសង់​ផ្លូវដែក ចិន-ឡាវ និង​អភិវឌ្ឍ​ការ​សាងសង់​ច្រក​របៀង​សេដ្ឋកិច្ច ចិន-ឡាវ។ រីឯ​លោក​នាយករដ្ឋមន្រ្តី​ឡាវ​វិញ​បាន​បញ្ជាក់​ថា គម្រោង​ធំៗ​ជាច្រើន ដូចជា ផ្លូវដែក ចិន-ឡាវ កំពុង​ដំណើរការ​ដោយ​រលូន។

ចំណែក​អំឡុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​វៀតណាម លោក ស៊ី ជីនពីង បាន​លើកឡើង​ថា ចិន និង​វៀតណាម គួរ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​នៃ​ការផ្លាស់ប្ដូរ​កម្រិត​ខ្ពស់​រវាង​បក្ស និង​រដ្ឋ​ទាំង​ពីរ។ លោក​បន្ថែម​ថា វៀតណាម​គឺ​ជា​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​ពិរព័ណ៌​ការ​នាំចូល​អន្តរជាតិ​របស់​ចិន ហើយ​ចិន​នឹង​នាំចូល​ទំនិញ​វៀតណាម​បន្ថែម​ទៀតទៅ​ក្នុង​ទីផ្សារ​ចិន។

ជាមួយ​គ្នា​នេះ លោក ស៊ី ថា ភាគី​ទាំង​ពីរ​គួរ​ធ្វើការ​ជាមួយ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ដែន​សមុទ្រ និង​លើកកម្ពស់​សហប្រតិបត្តិការ​ដែន​សមុទ្រ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​វៀតណាម (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​អាមេរិក អំឡុង​ជំនួប​នៅ​ក្រុង​សៀងហៃ កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ២០១៨/ រូបភាព៖ Xinhua

ជាការ​ឆ្លើយតប លោក​នាយករដ្ឋមន្រ្តី​វៀតណាម​ថា វៀតណាម​នឹង​ប្រកាន់ខ្ជាប់​សហប្រតិបត្តិការ​ជាទម្លាប់​ជាមួយ​ចិន ហើយ​វៀតណាម​នឹង​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ដោយ​សមស្រប យោង​តាម​មតិឯកច្ឆន្ទ និង​គោលការណ៍​ដែល​ព្រមព្រៀង​គ្នា​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;