រដ្ឋមន្រ្តីក្រសួងវប្បធម៌ រីករាយឱ្យផលិតករជប៉ុន មកផលិតភាពយន្តនៅកម្ពុជា
- 2018-11-08 06:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 2
រដ្ឋមន្រ្តីក្រសួងវប្បធម៌ រីករាយឱ្យផលិតករជប៉ុន មកផលិតភាពយន្តនៅកម្ពុជា
ចន្លោះមិនឃើញ
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសាទរភាពជោគជ័យ និងស្វាគមន៍ការបើកមហោស្រពភាពយន្តជប៉ុននៅកម្ពុជា។ លោកស្រីថា កម្ពុជារីករាយសហការការងារផលិតភាពយន្តរបស់ផលិតករជប៉ុននៅកម្ពុជា ហើយកម្ពុជាក៏មានគោលបំណងនាំយកភាពយន្តខ្មែរ ទៅបង្ហាញនៅប្រទេសជប៉ុនវិញដែរ តាមរយៈរូបភាពផ្លាស់ប្ដូរវប្បធម៌ប្រពៃណី។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន ប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលមហោស្រពចតុមុខ។
មហោស្រពភាពយន្តជប៉ុននេះ គឺមានការចូលរួមធ្វើបទបង្ហាញដោយផលិតករល្បីឈ្មោះមកពីប្រទេសជប៉ុន ដែលលោកស្រីរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យផលិតករភាពយន្តក្នុងស្រុក គួរចំណាយពេលទៅទស្សនារៀនសូត្របច្ចេកទេស ឬសួរនាំពីការផលិតភាពយន្តរបស់ជប៉ុន។
បើតាមការថ្លែងរបស់លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងដូចគ្នាថា ក្នុងមហោស្រពនេះ មានភាពយន្តជប៉ុនជាច្រើន ដែលប្រជាជនកម្ពុជា គួរទស្សនាសិក្សារៀនសូត្រពីការអភិវឌ្ឍ និងវប្បធម៌របស់ជប៉ុន ដោយអាចចូលទស្សនាបានដោយសេរីនៅតាមរោងភាពយន្ត។
គួរបញ្ជាក់ថា ការចាក់បញ្ចាំងភាពយន្តជប៉ុនដោយឥតគិតថ្លៃនេះ ចាប់ដំណើរការពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៨ នៅតាមរោងភាពយន្តនៅភ្នំពេញ និងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅតាមរោងភាពយន្តនៅខេត្តសៀមរាប៕
***ចុចទីនេះ ដើម្បីស្វែងរកខ្សែភាពយន្តជប៉ុនដែលចាក់បញ្ចាំងនៅតាមរោងកុន បង្ហាញដោយស្ថានទូតជប៉ុន
ប្រភព៖ Sabay News អត្ថបទ៖ Sunny