ប្រមុខ​ការទូត​កូរ៉េខាងជើង នឹង​ទៅ​វៀតណាម ដើម្បីសិក្សា​ពី​កំណែទម្រង់​សេដ្ឋកិច្ច

  • 2018-11-08 08:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ri Yong Ho រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​ក្នុង​ខែ​វិច្ឆិកា ២០១៨​នេះ ដើម្បី​សិក្សា​ពី​គំរូ​នៃ​កំណែទម្រង់​សេដ្ឋកិច្ច។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam Express នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ២០១៨​នេះ។

លោក Ri Yong Ho រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េខាងជើង/ រូបភាព៖ Reuters
លោកប្រមុខ​ការទូត​កូរ៉េខាងជើង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២៧ ដល់ ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ​តំបន់​ឧស្សាហកម្ម និង​សាកសួរ​អ្នក​ជំនាញ​សេដ្ឋកិច្ច។

ចំណែក​ខាង​ក្រសួង​ការបរទេស​វៀតណាម​ពុំទាន់​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​កូរ៉េខាងជើង ទៅកាន់​ប្រទេស​វៀតណាម​នៅ​ឡើយ​ទេ។

សូមបញ្ជាក់​ថា អស់រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ​ការ​ធ្វើ​ឯកោ​ខ្លនឯង និង​ការ​ទទួល​រង​ទណ្ឌកម្ម​នានា​នៃ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលិស្ទីក កូរ៉េខាងជើង​នៅ​ឆ្នាំនេះ ​បាន​កសាង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បរទេស​ឡើងវិញ។ ការ​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​បរទេស​ឡើងវិញ​នេះ គឺ​ក្រោយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង បាន​ជួប​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ជាបន្ដបន្ទាប់​នៅ​ឆ្នាំ​២០១៨​នេះ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;