បេក្ខជន​ខ្មែរ​អាមេរិកាំង ​អេលីហ្សាបែត ហេង​ ចាញ់​ឆ្នោត​នៅ​រដ្ឋ​កាលីហ្វញ៉ា

  • 2018-11-08 09:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខជន​ខ្មែរ​អាមេរិកាំង​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​កញ្ញា អេលីហ្សាបែត ហេង ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​សភា​ទី១៦ ក្នុង​រដ្ឋ​កាលីហ្វញ៉ា​បាន​ចាញ់​គូប្រជែង​ដោយ​សំឡេង​យ៉ាងច្រើន​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ កាលពី​ថ្ងៃ​​អង្គារ។

លទ្ធផល​ឆ្នោត​ដែល​រាប់​អស់​ទាំង​ ១០០ ភាគរយ​បង្ហាញ​ថា កញ្ញា​ អេលីហ្សាបែត ហេង បាន​ចាញ់​លោក ជីម កូស្តា ដោយ​សំឡេង ៣៧៤៨០ ទល់​នឹង ៤៤៧៦៩ ដែល​ត្រូវ​ជា ៤៥,៦ភាគរយ ទល់នឹង ៥៤,៤ភាគរយ។

បេក្ខជន​ទាំង​ពីរ​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​វីអូអេ​បាន​ទាក់ទង។ ប៉ុន្តែ​សារ​តាម​ Twitter និង​ហ្វេសប៊ុក​ចុងក្រោយ​របស់​នាង អេលីហ្សាបែត ហេង​ នៅ​មុន​ការ​បោះឆ្នោត​បាន​បញ្ចប់​បាន​បញ្ជាក់​ពី​ជំហរ​រឹងប៉ឹង​ថា៖ «ការ​ប្រកួត​នេះ​ខ្ពង់​ខ្ពស់​ណាស់​ដែល​អ្នក​បោះឆ្នោត​មិន​គួរ​នៅ​ផ្ទះ​ទេ។ នៅ​សភា​តំណាងរាស្ត្រ​ខ្ញុំ​នឹង​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក​នៅ​ តំបន់ Central Valley ហើយ​ខ្ញុំ​មិន​ទទួល​យក​ពាក្យ​បដិសេធ​ទេ...»។

កញ្ញា អេលីហ្សាបែត ហេង ដែលបានចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃអង្គារ (រូបថត៖ FB របស់ កញ្ញា អេលីហ្សាបែត ហេង)
យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​នានា​មើល​ឃើញ​ថា នេះ​ជា​មណ្ឌល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ដោយ​ងាយស្រួល​ ​ព្រោះ​បាន​កាន់​កាប់​ជាង៤០ឆ្នាំ​មក​ហើយ។

លទ្ធផល​បណ្តោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​អាសន:​ចំនួន​៣៨​ រី​ឯ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន១១ក្នុង​ចំណោម​អាសន:​សរុប​ចំនួន ៥៣ក្នុង​រដ្ឋ។ អាសន:​ចំនួន៤ទៀត​នៅ​រាប់​មិន​ទាន់​ចប់​ប៉ុន្តែ​មាន​អាសន:​ចំនួន​៣​ គឺ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នាំ​មុខ។ ក្នុង​ចំណោម​អាសន:​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​បាត់​បង់​មាន​អាសន: ​របស់​លោកDana Rohrabacherនៃ​មណ្ឌល​សភា​ទី៤៨​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​កម្ពុជា​ផង​ដែរ។

លោក អាឡាំង ឡូវឹនសល​ ដែល​ឈរ​នៅ​មណ្ឌល​សភា​លេខ៤៧ ដែល​រួមមាន​ទីក្រុង​ឡុងប៊ិច​ ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ។ រីឯ​លោកស្រី យុង គីម បេក្ខជន​តំណាងរាស្ត្រ​ដើមកំណើត​កូរ៉េ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ឆ្នោត​នៅ​មណ្ឌល​សភា​ទី៣៩ ជំនួស​លោក អេដ រ៉យ​អតីត​ប្រធាន​គណ:កម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រដែល​បាន​ចូល​និវត្តន៍។ លោក អេដ រ៉យ​ ក៏​បាន​ជួយ​ដល់​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ច្រើន​ដែរ ជា​ពិសេស​នៅ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧។

លោក អ៊ំ សាវុធ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ទីក្រុង ឡុងប៊ិច ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា លោក​បាន​បោះឆ្នោត​គាំទ្រ​លោក​ អាឡាំង ឡូវីនសល ដោយសារ​តែ​អ្នក​តំណាងរាស្ត្រ​រូបនេះ​បាន​ធ្វើកិច្ចការ​ជាច្រើន​ជួយ​ដល់​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជា​ពិសេស​គឺ​ការ​ចូលរួម​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​លេខHR5754 ដែល​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លទ្ធផល​របស់​គណ:កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋកាលីហ្វញ៉ា​ក៏​បាន​បង្ហាញថា លោកស្រី Dianne Feinstein មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រក្សា​បាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ ហើយ​លោកGavin Newsom នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្តួល​គូ​ប្រជែង​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ហើយ​បាន​ជាប់​ជា​អភិបាល​រដ្ឋ​ជំនួស​លោក ជែរី​ ប្រោន​ដែល​បាន​ផុត​អាណត្តិ៕

ប្រភព៖ VOA News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;