នាវា​ល្បាត​​សម័យ​ឆ្នាំ​១៩៨០ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ខេត្ត​កោះកុង

  • 2018-11-10 03:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ខេត្ត​កោះកុង​ បាន​ដាក់​តាំង​បង្ហាញ​នាវា​ល្បាត​នៅ​សម័យកាល​ឆ្នាំ​១៩៨០ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ខេត្ត​ និង​បង្ហាញ​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​បាន​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​ខាងមុខ​នេះ​។ នេះ​បើ​តាម​វេបសាយក្រសួងព័ត៌មាន ចុះផ្សាយ​នៅថ្ងៃទី១០ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​។

នាវាល្បាត នៅ​សម័យកាល​ឆ្នាំ​១៩៨០ ត្រូវបានដាក់តាំងបង្ហាញនៅ​ខេត្តកោះកុង
លោក​ស្រី​ មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា នាវា​ល្បាត​ក្នុង​អំឡុង​សម័យ​ឆ្នាំ​១៩៨០ ចំនួន​១គ្រឿង​នេះ ​មាន​ប្រវែង ១៥ម៉ែត្រ ​ទទឹង​ ៥ម៉ែត្រ និង​ទម្ងន់ ៣៥​តោន ដោយ​ប្រើ​ថវិកា ជួសជុល​កែ​លម្អ​ជាង​ ១០ម៉ឺន​ដុល្លារ​អាមេរិក។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា នាវា​ល្បាត​នេះ ជា​កម្មសិទ្ធិ​របស់​ស្នងការ​នគរបាល ដោយ​អាជ្ញាធរ​ស្នើ​សុំ​យក​មក​កែ​លម្អ​ឲ្យ​ស្អាត​ល្អ សម្រាប់​បង្ហាញ​ដល់​ភ្នែក​អ្នក​ទេសចរ ជៀសវាង​ទុក​វា​ចោល។ ម្យ៉ាង​វិញ​ទៀត គឺ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អ្នក​កោះកុង ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កែច្នៃ​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន ខណៈ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មាន​សក្តានុពល​ខ្ពស់​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​ធម្មជាតិ​។

លោកស្រី​បាន​បន្ត​ថា ដើម្បី​បម្រើ​ដល់​ការ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​នា​ពេល​ខាងមុខ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះ​កុង បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជួសជុល​កែ​លម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជាច្រើន​រួមមាន៖ ផ្លូវថ្នល់ សួនច្បារ និង​ដំឡើង​បង្គោល​ភ្លើង​ថ្មីៗ​ជាដើម​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​ មានប្រសាសន៍ប្រាប់អ្នក​សារព័ត៌មាន

សូម​បញ្ជាក់​ថា ខេត្ត​កោះកុង នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី២ ដែល​ប្រារព្ធ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ​នេះ។ នៅ​ក្នុង​ពិធី​នោះ​ដែរ ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​៕

ប្លង់គំរូ

រូបថត៖ មន្ទីរព័ត៌មានខេត្តកោះកុង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;