អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ សង​សំណង ៣ពាន់​ដុល្លារ​ដល់​ប្រជាពលរដ្ឋ​ស្រុកកោះកុង ក្រោយផ្ទុះ​ការតវ៉ា

  • 2018-11-11 03:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​សម្ព័ន្ធ​សត្វព្រៃ (វាយអេត) បាន​សង​សំណង​នៃការ​ខូចខាត​ពីការ​កាប់​បំផ្លាញ​ផលដំណាំ​ប្រជាពលរដ្ឋ​នៅស្រុក​កោះកុង​ ខេត្ត​កោះកុង ចំនួន ៣ពាន់​ដុល្លារ ហើយ​អង្គការ​នេះ ​យល់ព្រម​មិនប្តឹង​ប្រជាពលរដ្ឋ​ ទៅ​តុលាការ ​ដែល​ពួកគេ​បាន​ដុត​បំផ្លាញ​សម្ភារៈ​វត្ថុ​នោះទេ។

ការ​សងសំណង​នេះ គឺ​បន្ទាប់ពី​ក្រុម​មន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​កាប់​បំផ្លាញ​ដំណាំ​ហូបផ្លែ​របស់​ប្រជាពលរដ្ឋ​អស់ជាច្រើន​ដើម កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​អង្គការ​នេះ​ចោទថា ប្រជាពលរដ្ឋ​ទាំងនោះ ដាំ​ដំណាំ​នៅលើ​ដីព្រៃ​អភិរក្ស។ ការណ៍​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណជា ៣០០​នាក់ ផ្ទុះ​កំហឹង នាំគ្នា​ធ្វើការ​តវ៉ា​នៅទីស្នាក់ការ​អង្គការ​នេះ ក្នុង​ឃុំត្រពាំងរូង ស្រុក​កោះកុង។ ការ​តវ៉ានេះ ឈាន​រហូត​ដល់ការ​ដុត​បំផ្លាញ​រថយន្ត​ចាស់ៗ និង​ម៉ូតូ​ដែល​ក្រុម​អង្គការ​រឹបអូស​ពី​បទល្មើស​សត្វព្រៃ និង​ព្រៃឈើ​នាពេល​កន្លងមក និងបាន​គប់​បំបែក​កញ្ចក់ទ្វារ​បង្អួច​ស្នាក់ការ​អង្គការ​ផងដែរ។

រថយន្តដែលអង្គការសម្ព័ន្ធសត្វព្រៃរឹបអូសបាន ត្រូវដុតបំផ្លាញដោយប្រជាពលរដ្ឋដែលជាអ្នកតវ៉ា (រូបថត៖ ផ្តល់ឱ្យ)
ក្រោយ​មានករណីនេះ លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ការធ្វើ​បាតុកម្ម នៅ​ទីស្នាក់ការ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ កាលពីថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ លោក​អភិបាលរង​ខេត្ត បាន​លើកឡើង​ថា គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​សម្រប​សម្រួល រវាង​ប្រជាពលរដ្ឋ និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ ជុំវិញរឿងនេះ។
សកម្មភាពសម្របសម្រួលរបស់អាជ្ញាធរខេត្តកោះកុង (រូបថត៖ ផ្តល់ឱ្យ)

ជា​លទ្ធផល​នៃកិច្ចប្រជុំ​ទាំង​ភាគី​ប្រជាពលរដ្ឋ និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​ឯកភាព​ចំនួន​៤ចំណុច​រួមមាន៖

១-ប្រជាពលរដ្ឋ​ព្រម​ទទួល​យកថវិកា​ចំនួន ៣ពាន់​ដុល្លារ​ពី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ ដើម្បី​ប៉ះពាល់​ផ្លូវចិត្ត​ក្នុងការ​ធ្វើឱ្យ​ខូច​ផល​ដំណាំ។

២-អង្គការ​មិនប្តឹង​ប្រជាពលរដ្ឋ​ទៅតុលាការ​ទេ។

៣-អង្គការ​មិន​ទាមទារ​ឱ្យ​សងការ​ខូចខាត នៅ​ទីស្នាក់ការ​ទេ

និង​៤-ប្រជាពលរដ្ឋ​មិនត្រូវ​បង្ក​បង្កើន​ផល​នៅលើ​ទីតាំង​ដី​ទំនាស់​នោះ​ទៀតទេ។

ដំណាំដែលត្រូវបានកាប់បំផ្លាញចោល ដោយអង្គការសម្ព័ន្ធសត្វព្រៃ (រូបថត៖ ផ្តល់ឱ្យ)

បើតាម​លោក ជា សាវី អភិបាល​ស្រុក​កោះកុង បាន​ឲ្យដឹង​ថា ទីតាំងដី​ទំនាស់នេះ​ស្ថិតក្នុង​អនុក្រឹត្យ​លេខ៨០ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ តែក្រោយមក ទីតាំងដី​នេះ ត្រូវបាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ធ្វើការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ កាលពី​ឆ្នាំ២០១២-២០១៣​មកម៉្លេះ ហើយ​បន្ទាប់មកទៀត រាជរដ្ឋាភិបាល បានចេញ​អនុយោគ​ផ្តល់ទីតាំង​នោះ​ជូនប្រជាពលរដ្ឋ​ប្រើប្រាស់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;