ប្រធានាធិបតី​បារាំង ចាត់ទុក "ជាតិនិយម" ជា​ការ​ក្បត់ "មនសិការ​ស្នេហាជាតិ"

  • 2018-11-12 02:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Emmnuel Macron ប្រធានាធិបតី​បារាំង បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក ទាត់ចោល​ជាតិ​និយម ដោយ​លោក​លើកឡើង​ថា ជាតិនិយម​ជា​ការ​ក្បត់​មនសិការ​ស្នេហា​ជាតិ។ លោក​ក៏​បាន​ព្រមាន​ដែរ​ថា "សភាវៈ​អាក្រក់​កំពុង​ត្រឡប់​មក​បង្ក​ចលាចល និង​ការ​សម្លាប់​ឡើង​វិញ"។

លោក Emmnuel Macron ប្រធានាធិបតី​បារាំង ថ្លែង​អំឡុង​ពិធី​រម្លឹកខួប ១០០​ឆ្នាំ នៃ​សង្រ្គាម​លោក​លើកទី១ នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា ២០១៨

ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី​បារាំង បាន​ធ្វើឡើង​អំឡុង​ពិធី​រម្លឹក​ខួប ១០០​ឆ្នាំ​នៃ​សង្រ្គាម​លោកលើក​ទី១ នៅ​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ គឺ​នៅ​មុខ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​មេដឹកនាំ​ពិភពលោក​ប្រមាណ ៦០​រូប​ទៀត ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ។

លោក Macron ថា "ទាហាន​រាប់​លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​​សង្រ្គាម​ដ៏ខ្លាំងក្លា ដើម្បី​ការពារ​តម្លៃ​សាកល... អត្មានិយម​នៃ​ប្រទេស​នានា គឺ​សម្លឹង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​មនសិការ​ស្នេហា​ជាតិ ជាក់ស្ដែង​គឺប្រឆាំង​នឹង​ជាតិ​និយម"។

សូម​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ចាត់ទុក​ខ្លួន​​ឯង​ជា អ្នកជាតិ​និយម និង​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ រួមមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ និង​កម្មវិធី​សម្រាប់​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;