កូរ៉េ​ទាំង​ពីរ ចាប់ផ្ដើម​បំផ្លាញ​ប៉ុស្តិ៍​យាម​នៅ​តាម​ព្រំដែន​ហើយ​

  • 2018-11-12 04:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េ​ទាំងពីរ បាន​រួមគ្នា​បំផ្លាញ​ប៉ុស្តិ៍​យាម​ចំនួន ២០ នៅ​ក្នុង​តំបន់​គ្មាន​យោធា តាម​ព្រំដែន កាលពី​ថ្ងៃអាទិត្យ ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​កាត់​បន្ថយ​ភាពតាន​តឹង​ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ដែល​ធ្វើឡើង​កាល​ពី​ខែ​តុលា​។

ទាហានកូរ៉េខាងត្បូង គោរពប៉ុស្តិ៍យាមមួយ នៅតំបន់គ្មានយោធា មុនចាកចេញពីទីនោះ (រូបថត៖ EPA-EFE/SOUTH KOREA MINISTRY OF NATIONAL DEFENSE)
កូរ៉េខាងជើង បាន​យល់ព្រម​បំផ្លាញ​ប៉ុស្តិ៍​យាម​ចំនួន ១០ ខណៈ​កូរ៉េខាងត្បូង ឯកភាព​កម្ទេច​ប៉ុស្តិ៍​យាម​របស់​ខ្លួន​ចំនួន ១០ ផង​ដែរ​។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យដឹង​ថា កូរ៉េខាងជើង​មាន​ប៉ុស្តិ៍​យាម​តាម​ព្រំដែន​នៅ​ជាប់​កូរ៉េខាងត្បូង​សរុប​ប្រមាណ ១៦០​ប៉ុស្តិ៍ ស្រប​ពេល​ដែល​កូរ៉េខាងត្បូង​មាន​ចំនួន ត្រឹមតែ ៦០ប៉ុស្តិ៍​ប៉ុណ្ណោះ​។

ការ​បំផ្លាញ​ប៉ុស្តិ៍​យាម​នេះ​ដែរ គឺ​បន្ទាប់ពី​ទាហាន​កូរ៉េទាំងពីរ​បាន​យល់ព្រម ឈប់​បំពាក់​អាវុធ​ក្នុង​ដៃ នៅ​តាម​ព្រំដែន កាលពី​ខែ​មុន។ ភាគី​ទាំង​សងខាង មាន​ទាហាន​យាម​សល់​ប្រមាណ ៣៥​នាក់​។

តំបន់គ្មានយោធានៅប៉ែកខាងកូរ៉េខាងត្បូង (រូបថត៖ dailyhunt.in)

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចេអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ជួប​គ្នា កាលពី​ខែ​កញ្ញា នៅ​ក្រុង​ព្យុងយ៉ាង ដោយ​បាន​ពិភាក្សា​លើ​គម្រោង​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​នេះ​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;