លោក ឆាយ បូរ៉ា បញ្ជាក់​មូលហេតុ​នៃការ​លាលែង​ពីប្រធាន​សមាគម​ភាពយន្ត​កម្ពុជា

  • 2018-11-12 07:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឆាយ បូរ៉ា បាន​ចុះហត្ថលេខា​លាលែង​ពី​តំណែង​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយបាន​ដាក់ស្នើ​ទៅកាន់​លោក ស៊ិន ចាន់សាយ៉ា ប្រធាន​ក្រុមប្រឹក្សា​ភិបាល សមាគម​ភាពយន្ត​កម្ពុជា។

លោក ឆាយ បូរ៉ា បញ្ជាក់​ថា ការ​លាលែង​នេះ​ដោយសារ​តែរូបលោក​ ទទួលបាន​ការ​បោះឆ្នោត​ឱ្យ​ទទួល​តំណែង​ជា​ប្រធាន​នេះ ២​ឆ្នាំ​ជាប់គ្នា​មក​ហើយ។ លោក​បន្តថា មាន​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​ភាពយន្ត ដែល​លោក​បាន​ខិតខំ​ដោះស្រាយ ហើយ​ក៏នៅមាន​បញ្ហា​ជាច្រើន​ទៀត​ ដែល​រូបលោក​មិនអាច​សម្រេចបាន​ក្នុងនាម​ជា​ប្រធាន​សមាគម​មួយនេះ។

លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ថ្លែងនាពេលកន្លងមក
ចំណែក​ហេតុផល​មួយទៀត លោក​ ឆាយ បូរ៉ា ពន្យល់​ថា លោក​ចង់ផ្តោត​ការងារ​ក្នុង​ផលិតកម្ម​ដើមត្នោត​របស់ខ្លួន​ ឱ្យបាន​ច្រើន​ជាងមុន និងផ្តល់​ឱកាស​ជា​ប្រធាន​សមាគមនេះ​ទៅកាន់​អ្នកថ្មី​ដែលអាច​ដឹកនាំ ព្រមទាំង​ដោះស្រាយ​បញ្ហា​ជូន​ផលិតករ​ភាពយន្ត​ខ្មែរ​ ឱ្យកាន់តែ​ប្រសើរ​ជាងមុន។

«ការ​ខិតខំ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ដើម្បី​ធ្វើឱ្យ​សិល្បៈ​នេះ​មាន​ភាព​ល្បីល្បាញ ជា​បេសកម្ម​មួយ​វែងឆ្ងាយ​សម្រាប់​កម្ពុជា ពិសេស​ផលិតករ​ភាពយន្ត​ខ្មែរ​គ្រប់រូប។ ភាពយន្ត​ ជា​ទម្រង់​មួយ​សំខាន់​ក្នុង​មែកធាង វប្បធម៌​របស់​ជាតិ ដែលពាំ​នាំ​យក​កិត្យានុភាព​ជាតិ​ទៅកាន់​ពិភពលោក។ មិនត្រឹមតែ​ប៉ុណ្ណោះ វាជា​ផ្នែកមួយ​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​បង្កើត​ការងារ​ឱ្យ​មនុស្ស​រាប់ពាន់​នាក់ ហើយនឹង​ឈានដល់​ការ​ទាញយក​រូបិយប័ណ្ណ​អន្តរជាតិ​ជូនជាតិ​ថែមទៀត។ កុំរង់​ចាំវាស្លាប់​ហើយ​មក​សង្គ្រោះ»។ នេះជា​សារ​ចុងក្រោយ ដែល​លោក ឆាយ បូរ៉ា ផ្ញើមក​កាន់​សារព័ត៌មាន Sabay៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;