កសិករ​ដាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី​ លែង​បារម្ភ​ពី​​តម្លៃ​លក់​ចេញ

  • 2018-11-13 02:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កសិករ​ដែល​ធ្វើការ​ដាំដុះ​ដំណាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី លែង​ព្រួយ​បារម្ភ​លើ​តម្លៃ​លក់ លើក​ចេញ​ទៀត​ហើយ ខណៈ​ដែល​សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​មួយ​ បាន​ចុះ​មក​ទទួល​ទិញ​ទិន្នផល កាហ្វេ​បញ្ជួន​ទៅ​ក្រៅ​ប្រទេស ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ដល់​កសិករ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

ដើមកាហ្វេ នៅខេត្តមណ្ឌលគីរី
កសិករ​រស់នៅ​ក្នុង​ស្រុក​ពេជ្រាដា​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​​ថា តម្លៃ​កាហ្វេ ស្ងួត​លក់​បាន​រហូត​ដល់​ទៅ​១ម៉ឺនរៀល បើ​ធៀប​នឹង​ឆ្នាំ​មុន​គឺ​លក់​បាន​តម្លៃ​ថ្លៃ​បំផុត ត្រឹមតែ​ ៧ ពាន់​រៀល​ប៉ុណ្ណោះ។ កសិករ​ឈ្មោះ រ៉ូយ ទើប រស់នៅ​ភូមិ​ពូចារ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​មាន​ផ្ទៃដី​ដាំ​កាហ្វេ​ចំនួន ៨​ហិកតា ហើយ​សព្វថ្ងៃ​កំពុង​ប្រមូល​ផល​។

លោក រ៉ូយ ទើប បន្ត​ថា កាហ្វេ​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ​និង​ថែទាំ មិន​ពិបាក​ដូច​ដំណាំ​ម្រេច​ទេ។ ចំណែក​រយៈ​ពេល​នៃ​ការ​ប្រមូល​ផល មាន​រយៈ​ពេល​ ២ឆ្នាំ​កន្លះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាំ។ កសិករ​ដដែល​បាន​បញ្ជាក់​ថា តម្លៃ​កាហ្វេ​កាល​ពី​ឆ្នាំ២០១៧​ លក់​បាន​ត្រឹម​តែ​ ៦ពាន់​រៀល​ទៅ ៧​ពាន់​រៀល​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ​នេះ​ គាត់​អាច​លក់​បាន​តម្លៃ​មួយ​គីឡូក្រាម​រហូត​ដល់​ ១ម៉ឺន​រៀល ចំពោះ​គ្រាប់​កាហ្វេ​ស្ងួត។ ឯ​គ្រាប់​កាហ្វេ​ស្រស់​វិញ ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ ៤ពាន់​រៀល។ ចំណែក​ទិន្នផល​ដែល​ទទួល​បាន គឺ​មួយ​ហិកតា បាន​គ្រាប់​កាហ្វេ​ស្រល់​ប្រមាណ ៧ ទៅ ៨តោន បើ​ហាល​ស្ងួត​អាច​នៅ​សល់​ត្រឹម ៤ ទៅ​ ៥តោន។

ចម្ការកាហ្វេ នៅខេត្តមណ្ឌលគីរី

តំណាង​ក្រុមហ៊ុន Coffe Timor ប្រចាំ​ខេត្ត​មណ្ឌល​គិរី​លោក យស ចាន់ថា បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក ​បាន​និង​កំពុង​បង្កើន​សកម្មភាព​ចុះ​បង្រៀន និង​ជួយ​ផ្តល់​ជា ដើម​ទុន​សម្រាប់​ប្រជា​កសិករ​ដាំ​ដំណាំ​កាហ្វេ បែប​ធម្មជាតិ​ដើម្បី​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រ​ទេស ហើយ​ទទួល​បាន​តម្លៃ​ថ្លៃ​។

លោក យស ចាន់ថា បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​លោក បាន​ចុះ​ធ្វើ​សកម្មភាព ជួយ​ដល់​ប្រជា​កសិករ​ដាំ​កាហ្វេ នៅ​ស្រុក​ពេជ្រាដា​ រយៈ​ពេល ២ឆ្នាំ​មកហើយ ដោយ​បាន​ផ្តល់​ជា​បច្ចេកទេស ឧបករណ៍​ប្រើប្រាស់​ដើម​ទុន រួម​នឹង​ទទួល​ទិញ​គ្រាប់​កាហ្វេ ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ធម្មតា។ តែ​បាន​តម្លៃ​ថ្លៃ​សម្រាប់​តែ​គ្រាប់​កាហ្វេ​ដែល​ដាំ​ដោយ ប្រើ​ជី​កសិកម្ម​ គ្មាន​គីមី​ប៉ុណ្ណោះ។

តំណាង​ក្រុមហ៊ុន Caffe Timor បាន​បង្ហាញ​ពី​ការ​ថែទាំ​កាហ្វេ​ គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវ​ប្រាំ​ង​ ឲ្យ​បាន​ក្នុង​១​គុម្ព ចំណុះ​ទឹក​ ១០​ ទៅ​ ២០​លី​ត្រ ក្នុង​មួយ​ថ្ងៃ។ បើ​នៅ​រដូវវស្សា​ ទឹក​មិនបាច់​ស្រោច​ក៏​បាន ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី។ តែ​បើ​ដី​ស្ងួត​ អាច​ស្រោច​ទឹក​ ៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង ​១​គុម្ព​ ២​បង្គី​សម្រាប់​ជី​កំ​ប៉ុ​ស្ត។

តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​អះអាង​ថា ការ​ថែទាំ​កាហ្វេ​ដិត​ដល់ ​នឹង​ហុច​ផល​ក្នុង​រយៈពេល ​៣​ឆ្នាំ។ នៅ​ឆ្នាំ​ទី​៤​ ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ផល​។ ដើម​​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បាន​ល្អ​ ដោយ​ស្រោច​ទឹក​ ដាក់​ថែម​ជី​គ្រប់គ្រាន់ នោះ​វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូត​ដល់​ជិត​ ២០​ឆ្នាំ​។ ហើយ​វា​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ពី​ ៣​ ទៅ​ ៦​តោន​ក្នុង​មួយ​ហិ​កតា។

កសិករ កំពុងបេះគ្រាប់កាហ្វេ

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃ​ ផ្ទៃដី​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្ត មាន​សរុប​ចំនួន​ ២៨៥ ហិកតា ក្នុង​នោះ កាហ្វេ​ក្រុម​ហ៊ុន មាន​ចំនួន ១៣៥​ហិកតា។ ចំណែក​ទីផ្សារ​កាហ្វេ​សព្វ​ថ្ងៃនេះ ​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់​ដឹង​ច្បាស់​ពី​ផល​ប្រយោជន៍​នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​មាន​ភាព​ខុស​គ្នា​៕

រូបថត៖ AKP

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;