មហាធៀ ជួប ពូទីន ពិភាក្សា​ពី​បញ្ហា​យន្តហោះ​ចម្បាំង​រុស្ស៊ី

  • 2018-11-14 03:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅ​ក្នុង​ប្រទេស​សិង្ហបុរី អំឡុង​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត។

តាមការចុះផ្សាយ​របស់ The Star បញ្ជាក់​ថា ជំនួប​ពិភាក្សា​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​លោក ពូទីន។

លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី (ឆ្វេង) ចាប់ដៃ​ជាមួយ​លោក វ្លាំឌីមៀ ពូទីន ប្រធានាធីបតី​រុស្ស៊ី (ស្ដាំ) ក្នុង​ជំនួប​ទ្វេភាគី នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ២០១៨/ រូបភាព៖ Malay Mail
អំឡុង​ជំនួប​ពិភាក្សា​នោះ លោកនាយករដ្ឋមន្រ្តី​វ័យ ៩៣​ឆ្នាំ​របស់​ម៉ាឡេស៊ី​បាន​ប្រាប់​លោក ពូទីន តាមរយៈ​អ្នកបកប្រែ​ថា "ដូច​អ្នក​ដឹង​ហើយ យើង​បាន​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​ចំនួន... ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវការ​សិក្សា​បន្ថែម​អំពី​មធ្យោបាយ​ដើម្បី​ថែរក្សា និង​ជួសជុល​យន្តហោះ​ចម្បាំង"។

កាលពី​ខែ​កក្កដា ២០១៨ លោក មហាម៉ាត់ សាប៊ូ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី​បាន​ទម្លាយ​ថា មាន​តែ​យន្តហោះ​ចម្បាំង ៤​គ្រឿង ក្នុង​ចំណោម ២៨​គ្រឿង ផលិត​ដោយ​រុស្ស៊ី (មាន​ប្រភេទ Sukhoi Su-30MKM និង MiG-29) ដែល​ជា​កម្មសិទ្ធិ​របស់​កងទ័ព​ម៉ាឡេស៊ី អាច​ធ្វើការ​ហោះហើរ​បាន។

ប៉ុន្ដែ​ប្រធានបទ​ស្ដីពី​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ MH17 របស់​ម៉ាឡេស៊ី ដែល​មាន​មនុស្ស ២៨៣​នាក់​នៅ​លើ​នោះ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​កងទ័ព​រុស្ស៊ី កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ ពុំ​ត្រូវ​បាន​លើកឡើង​នោះ​ទេ។

ចំណែក​លោក ពូទីន វិញ​បាន​ប្រាប់​លោក មហាធៀ ថា "ទំនាក់ទំនង​រុស្ស៊ី និង​ម៉ាឡេស៊ី​បាន​កំពុង​រីកចម្រើន ហើយ​យើង​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ"។ លោក​បន្ថែម​ទៀត​ថា "ពាណិជ្ជកម្ម​របស់​យើង​គឺ​ពិតជា​ល្អ ប៉ុន្ដែ​យើង​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត"៕

យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi Su-30MKM ដែល​ម៉ាឡេស៊ី​ទិញពី​រុស្ស៊ី

ប្រភព៖ MalayMail ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;