កម្ពុជា-ADB នឹងសង់​ប្រឡាយ​ជា​បេតុង ប្រវែង​ជិត ៤០០​គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន៥

  • 2018-11-14 06:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈការ​អនុវត្ត​គម្រោង Irrigated Agriculture Improvement Project (IAIP) ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជាបេតុង ប្រវែង​សរុប ៣៨១,២គីឡូម៉ែត្រ​នៅ​កម្ពុជា។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​ក្រសួង​ធនធានទឹក ដោយ​ដកស្រង់​ខ្លឹមសារ​ពី​ជំនួប​ពិភាក្សា​រវាង លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក និង​គណៈប្រតិភូ ADB នៅព្រឹក​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

គម្រោង IAIP នឹង​ត្រូវអនុវត្ត​ក្នុងខេត្ត​ចំនួន៥ រួមមាន​ខេត្ត​បាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និងខេត្តកំពត ដោយ​ធ្វើ​ទំនើបកម្ម ធ្វើការ​ជួសជុល​ស្តារ​ឡើងវិញ និង​ធ្វើការ​កែលម្អ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ ឲ្យ​ទៅជា​ប្រព័ន្ធ​ធារាសាស្រ្ត​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែល​ប្រើបាន​សម្រាប់​ស្រោចស្រព​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា។

ប្រព័ន្ធធារាសាស្រ្តមួយកន្លែង ក្នុងខេត្តកំពង់ចាម (រូបថត៖ FB ក្រសួងធនធានទឹក)
ក្រៅពីការ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ជាបេតុង​ គម្រោង IAIP ដែលមាន​តម្លៃសរុប ​១៣៥ លាន​ដុល្លារ​នេះ នឹង​ត្រូវ​វិនិយោគ​លើ​ការងារ​ជាច្រើន​ទៀត​ដូចខាង​ក្រោម៖

-ធ្វើ​ទំនប់​អាងទឹក​ជា​បេតុង ប្រវែង ៦,៥គម។

-ធ្វើ​ទំនប់​បង្ហៀរ​ខ្នាតធំ ប្រវែង ៨០០ ម។

-បំពាក់​ស្ថានីយ​បូមទឹក​ដើរដោយ​ថាមពល​អគ្គិនីយ​ខ្នាតធំ​មាន​ក្បាល​បូម ៥​ចំនួន ០២​កន្លែង ជា​ប្រភេទ Smart Pumping Systems។

-សាងសង់​សំណង់​សិល្បការ​ធំតូច​ដ៏ច្រើន ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនោះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ក្នុង​ខេត្ត​ទាំង៥ ខាងលើ ធ្វើការ​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ក្នុងការ​ស្រោចស្រព​ដំណាំ​ស្រូវ បាន ៣​ដង ក្នុង ១​ឆ្នាំ។

-សាងសង់ Join Reservoir Operations (JOROP) ដើម្បី​ធានា​បាន​លើ​របបទឹក​ឲ្យនៅតែ​ជាទឹក​រស់ទាំង​រដូវ​វស្សា និង​រដូវប្រាំង សម្រាប់​ប្រព័ន្ធ​ធារាសាស្រ្ត​ទាំងអស់​ក្នុងខេត្ត​ទាំង៥ ខាងលើ។

-ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​ក្នុង​លក្ខណៈ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ។

-វិនិយោគ​លើការ​ថែទាំ​ជា​ប្រចាំ និងការ​ថែទាំ​ រយ:ពេល ២​ឆ្នាំ មុនពេល​ផ្ទេរ​ការងារ​ទាំងនេះ​ទៅឲ្យ​អ្នក​ទទួល​ផល។

-ធ្វើការ​រៀបចំ​អ្នក​ទទួលផល​ទាំងអស់​ឲ្យក្លាយ​ទៅជា សកបទ ដើម្បី​ដំណើរការ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្តទាំង ៥​ខាងលើ ឲ្យមាន​និរន្តរភាព។

-គម្រោង IAIP នឹង​ចំណាយ​ទៅលើ​ការសាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ទឹក​ដ៏ទំនើប ដើម្បី​ធ្វើការ​គ្រប់គ្រង បញ្ជា ផ្សព្វផ្សាយ ព្យាករណ៍ សំយោគ និង​យុទ្ធសាស្ត្រ ដាក់​ផែនការ​ដំណោះស្រាយ និង​រក្សាទុក​លើ​ទិន្នន័យ​ទឹក។

-បំពាក់​សម្ភារ​ទំនើប​គ្រប់យ៉ាង​ទាំងអស់ ដែល​បម្រើ​ឲ្យការ​បញ្ជា គ្រប់គ្រង និង​ដាក់​យុទ្ធសាស្ត្រ​ទឹក ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​លក្ខណៈ Real Time Forcasting។

-IAIP នឹង​វិនិយោគ​ទៅលើ​ការងារ​ដំឡើង​ប្រព័ន្ធ Doppler Radar តេជោ​សែនទី ២ ថ្មី ០១​ទៀត នៅខេត្ត​កំពង់ធំ ដើម្បី​ជួយ​ដល់​ការព្យាករ គ្រប់គ្រង ផ្សព្វផ្សាយ និង​សំយោគ​ទិន្នន័យ​ទឹក ក្នុង​លក្ខណៈ Real Times ។

-IAIP ក៏ផ្តល់​អាហារូបករណ៍​រយ:ពេល​វែង លើ​ជំនាញ​ទាំងអស់​ដែល​បម្រើ​ឲ្យ​មជ្ឈមណ្ឌល​ទិន្នន័យ​ទឹក​ខាងលើ ។

-ចំណាយ​លើការ​បំពាក់​សម្ភារៈ​គ្រប់យ៉ាង​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​ខាងលើ។

-បំពាក់​បន្ថែម​លើ Hydrometers and AWSs៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;