ប្រព័ន្ធ​កត់ត្រាទិន្នន័យ​ ​ដែល​បង្កើត​ដោយ​កូនខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ

  • 2018-11-15 06:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក​ប្រព័ន្ធ CAMEMIS លោក គាំ វិបុលរិទ្ធ បាន​ឲ្យដឹង​ថា ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​សិក្សា​ក្នុង​ការ​តាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សាលា (CAMEMIS) នេះ​ ត្រូវ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​នៅ​ប្រទេសអាល្លឺម៉ង់ ដែលអាចប្រើប្រាស់បានជាលក្ខណៈអន្តរជាតិ។ លោក គាំ វិបុលរិទ្ធ បាន​ឲ្យដឹងដូច្នេះ នៅក្នុង​សិក្ខាសាលា ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ CAMEMIS នៅសាលាខេត្តសៀមរាប កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក គាំ វិបុលរិទ្ធ ស្ថាបនិក​ប្រព័ន្ធ CAMEMIS ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ CAMEMIS នៅសាលាខេត្តសៀមរាប កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប)
កូនខ្មែរ​ ដែល​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​ខាងលើ បាន​បញ្ជាក់​ថា ដោយសារ​អត្ថប្រយោជន៍​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​រវាង​សាលា​និង​អាណាព្យាបាល ជាមួយ​សិស្សានុសិស្ស ដើម្បី​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព ស្រង់​ទិន្នន័យ​ពិន្ទុ និង​សកម្មភាព​របស់​សិស្ស ក្រុមហ៊ុន​បាន​យក​ទៅ​សាកល្បង​នៅ​ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន​វៀតណាម​កំពុង​ចាប់អារម្មណ៍ និង​សិក្សា​បន្ថែម​ពី​ប្រព័ន្ធ​នេះ​យ៉ាង​ផុលផុស​។

លោក គាំ វិបុលរិទ្ធ បន្ត​ថា ប្រព័ន្ធ CAMEMIS នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ហ្វេសប៊ុក និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា​ជាច្រើន។ ប៉ុន្តែ ប្រព័ន្ធនេះ ខុសប្លែក​ត្រង់​តែ​បង្កើត​គណនេយ្យ​ចង​ជា​ក្រុម និង​កំណត់​ឲ្យ​ប្រើប្រាស់​បាន សម្រាប់​តែ​ស្ថាប័ន​របស់​រដ្ឋ និង​គ្រឹះស្ថាន​សិក្សា​នានា។ ​ស្ថាប័ន​ទាំងនោះ មាន​សិទ្ធិ​ក្នុង​ការ​បញ្ចូល​សមាជិក​របស់​ខ្លួន​ ដូចជា​លោក​គ្រូ​អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល​សិស្ស ដើម្បី​ពួកគាត់​ងាយស្រួល​តាម​ដាន​ការ​សិក្សា និង​សកម្មភាព​ផ្សេងៗ​របស់​បុត្រធីតា​ពួកគាត់​គ្រប់​ពេល​វេលា ដោយ​កាត់បន្ថយ​ការ​ចំណាយ​ពេល និង​ចំណេញ ទាំង​សាលា ទាំង​គ្រួសារ​មាតាបិតា​សិស្ស​។

សូម​បញ្ជាក់​ថា ប្រព័ន្ធ CAMEMIS នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ​ខ្មែរ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ជា​ច្រើន​ឆ្នាំ ក្នុង​គោលដៅ​ជួយ​សម្រួល​ដល់​ការងារ​ផ្នែក​វិស័យ​សិក្សា​អប់រំ​គ្រប់​កម្រិត។ វា​មាន​សមត្ថភាព​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ទិន្នន័យ​ទូទៅ​របស់​សាលា ទាំង​ផ្នែករដ្ឋ និង​ឯកជន ដូចជា​សាលារៀន, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នានា​របស់​អង្គការ ឬ​សមាគមន៍ និង​សាលា​ចំណេះ​ទូទៅ​គ្រប់​កម្រិត​៕

រូប៖ CAMEMIS

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;