ផ្លូវ​រត់​ថ្មី​សម្រាប់​ទទួល​យន្តហោះ​ធុនធំ នៅ​អាកាសយានដ្ឋាន​ភ្នំពេញ ត្រូវបាន​បើកឱ្យ​ដំណើរការ

  • 2018-11-16 04:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​រត់​យន្តហោះថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ធុនធំ​បាន​ដោយ​សុវត្ថិភាព និង​មាន​ភាពងាយ​ស្រួល ត្រូវបាន​បើក​ឱ្យដំណើរការ​ហើយ​កាលពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​វិបសាយ​ក្រសួង​ព័ត៌មាន។

ក្នុង​ពិធី​សូត្រមន្ត​ប្រោស​ព្រំ​បញ្ចប់​គម្រោង​អ៊ុត​ផ្លូវរត់យន្តហោះ​ថ្មី​នេះ លោក Eric Delobel អគ្គនាយក​ក្រុមហ៊ុន Cambodia Airport បាន​ឲ្យដឹងថា ​ផ្លូវ​នេះ មានលទ្ធភាព​ទាក់ទាញ​ការ​ចុះចត​យន្តហោះ​អន្តរជាតិ​ធំៗ​កាន់តែច្រើន រហូតដល់​រយៈពេល ១៥ឆ្នាំ​ទៅមុខ​ទៀត ដែលនឹង​ជួយលើក​កម្ពស់​វិស័យ​ដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា ផ្លូវថ្មី​នេះ ត្រូវ​បាន​ប្រើប្រាស់​បច្ចេកទេស​សាងសង់​ទំនើប ដែល​ធានា​បាន​ទំាង​សុវត្ថិភា​ពនៃការ​ចុះចត និងការ​រត់ឡើង​របស់​យន្តហោះ។

ផ្លូវរត់យន្តហោះថ្មី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (រូបថត៖ វិបសាយក្រសួងព័ត៌មាន)
ចំណែក លោក សយ សុខាន់ អនុ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​លើកឡើង​ថា ការ​ស្ថាបនា​ផ្លូវ​រត់​យន្តហោះ​ថ្មីនេះ គឺបាន​បង្កើន​នូវ​ភាព​កក់ក្តៅ​ដល់​អ្នក​ធ្វើដំណើរ ខណៈដែល​ចំនួន​អ្នក​ធ្វើដំណើរ​តាមផ្លូវ​អាកាស​នេះ កំពុងមាន​កំណើន​ខ្ពស់ច្រើន ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ។

សូម​បញ្ជាក់​ថា ផ្លូវរត់​យន្តហោះ​ថ្មីនេះ មាន​ប្រវែង ៣ពាន់​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​ដល់ជាង ១២លានដុល្លារ។ ក្រុមហ៊ុន​នេះ ក៏​គ្រោង​សាងសង់​ចំណត​យន្តហោះ​ចំនួន ១០​ចំណត​បន្ថែម​ទៀត​ផងដែរ ដើម្បី​កាន់តែ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួល​យន្តហោះ​ធំៗ​មកពី​ក្រៅ​ប្រទេស។

គិតត្រឹម​រយៈពេល ៦​​ខែ នៃឆ្នាំ​២០១៨ ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ ​​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​កម្ពុជា​ មាន​ចំនួន​ ៥លាន​១សែន​នាក់ កើន​ឡើង​ ២៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​ ២០១៧។ ក្នុង​នោះ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន ២លាន ៦សែន​នាក់។ នេះ​បើតាម​ការ​ឱ្យដឹង​ពី​លោក ពេជ្រ សុប៉ុនតារា​ ប្រ​​​ធាន​​​​​ផ្នែក​​​​​​ពង្រីក​​ការ​ហោះហើរ​​​​​នៅ​ព្រលាន​យន្តហោះ​​​​​កម្ពុជា កាលពី​ខែ​កក្កដា​កន្លង​ទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;