បារាំង ផ្តល់​កម្ចីជិត ១០០លាន​ដុល្លារ សម្រាប់គម្រោង​ និង​កម្មវិធី​ចំនួន​៣​ នៅ​កម្ពុជា

  • 2018-11-16 09:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Remi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត, មជ្ឈឹមបូព៌ា និង​អាស៊ី​នៃ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន៣ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨៤,៦៧លាន​អឺរ៉ូ (៩៦,៤លាន​ដុល្លារ)។ ពិធីចុះ​ហត្ថលេខា​នេះធ្វើឡើង​នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច ឱ្យដឹង​ថា គម្រោង និង​កម្មវិធី​ទាំង៣នោះ​រួមមាន​ដូចខាងក្រោម៖

១. ឥណទាន​សម្បទាន​ចំនួន ៥៥​លានអឺរ៉ូ សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់​កាលទី១។

២. ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៥លានអឺរ៉ូ ​សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន (ផ្នែក​វារីវប្បកម្ម)។

៣. ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៤,៦៧​លានអឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាមខេត្ត។

ក្រសួង​សេដ្ឋកិច្ច បាន​រំលឹក​ឱ្យដឹងថា ក្នុង​ក្របខណ្ឌ​នៃកិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង គិត​ចាប់ពី​ឆ្នាំ១៩៩៣ ដល់​បច្ចុប្បន្ន រាប់​ទាំង​កិច្ចព្រមព្រៀង​ទាំង ៣នេះ​ផង គឺ​រដ្ឋាភិបាល​បារាំង តាមរយៈ AFD នេះ​ បាន​ផ្តល់​ហិរញ្ញប្បទាន​សរុប​ឱ្យ​កម្ពុជា ជាង ៥៥៤​លាន​អឺរ៉ូ​ហើយ៕

សូមអានលម្អិត​បន្ថែម​ពីគម្រោងនីមួយៗ ក្នុងសេចក្តីប្រកាស​ព័ត៌មានខាងក្រោមនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;