សម្ដេច​ទៀ បាញ់៖ កម្ពុជា នឹង​ទិញ​ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី នា​ថ្ងៃ​អនាគត

  • 2018-11-20 03:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ បានថ្លែងថា នៅថ្ងៃអនាគត កម្ពុជានឹងទិញឧទ្ធម្ភាគចក្រ​របស់រុស្ស៊ី ដែល​យក​មក​បង្ហាញ​សមត្ថភាព​នៅ​កម្ពុជា នា​ពេល​នេះ។

សម្ដេច​ពិជ័យសេនា បាន​លើក​ឡើង​យ៉ាងដូច្នេះ នៅ​ក្នុង​ពិធីបង្ហាញ​សមត្ថភាព​​ឧទ្ធម្ភាគចក្រ​យោធា​របស់​រុស្ស៊ី ប្រភេទ Mi-171A2 និង ANSAT នៅ​​មូលដ្ឋាន​កងទ័ព​អាកាស​កម្ពុជា នាព្រឹក​​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នេះ។

សម្ដេច​ទៀ បាញ់ ថ្លែង​ប្រាប់​អ្នក​កាសែត នាពេល​កន្លងមក
សម្ដេច​ ទៀ បាញ់ បានថ្លែងថា៖ "អនាគតប្រហែលនឹងមានការប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទនេះនៅប្រទេសយើង ព្រោះ​គុណភាពវាល្អ។ វត្តមានរបស់វានៅកម្ពុជាសមស្របណាស់ លទ្ធភាពថ្ងៃក្រោយអាចគិតគូរ"។​

សម្ដេច​បន្ថែម​ថា ឧទ្ធម្ភាគចក្រ​យោធា​របស់​រុស្ស៊ី​ទាំងនេះ មាន​សមត្ថភាព​ខ្លាំង រឹងមាំ រហ័សរហួន និង​អាច​ធានា​បាន​​សីតុណ្ហភាព​ ​ដក ៥០អង្សា និងបូក ៥០អង្សា ចំណែក​ឯ​ល្បឿន​របស់​វាគឺ ២៨០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

គួរ​បញ្ជាក់ថា Mi-171A2 និង ANSAT គឺ​ជា​​ឧទ្ធម្ភាគចក្រ​​ដែល​បំពាក់​បច្ចេក​វិទ្យា​ចុងក្រោយ​​របស់​រុស្ស៊ី។ មុន​មក​បង្ហាញ​សមត្ថភាព​នៅ​កម្ពុជា រុស្ស៊ី ក៏បាន​យក​​ឧទ្ធម្ភាគចក្រ​ទាំង​២​នេះ ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាមផងដែរ មុន​បន្ត​ទៅប្រទេស​អាស៊ាន​២ទៀត គឺថៃ និង​ម៉ាឡេស៊ី៕

ឧទ្ធម្ភាគចក្រ Mi-171A2 និង ANSAT នៅ​មូលដ្ឋាន​កងទ័ព​អាកាស​កម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;